ប្រទេសថៃ៖ អាកាសយានដ្ឋានសុវណ្ណភូមិគ្រោងនឹងបើកដំណើរការសេវាកម្មរបស់ខ្លួនឡើងវិញ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ ដោយបញ្ជាក់ថា៖ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍កាលពីថ្ងៃសុក្រ បានចាប់ផ្តើមការហោះហើរឡើងវិញ ខណៈបានផ្អាកអស់រយៈពេលមួយខែដោយសារការភ័យខ្លាច និងបទបញ្ជារឹតបន្តឹងលើការធ្វើដំណើរដើម្បីបញ្ឈប់ការរីករាលដាលើនៃវីរុស Covid-19 ។
សូមបញ្ជាក់ថា៖ ចំនួនអ្នកទេសចរបរទេសបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ចាប់តាំងពីអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (AoT) ហាមឃាត់ការហោះហើរអន្តរជាតិទាំងអស់ចាប់ពីការចុះចតនៅក្នុងប្រទេសថៃកាលពីដើមខែនេះ។ នេះបើតាមការអៈអាងពី លោក Wg Cdr Suthirawat អ្នកគ្រប់គ្រងអាកាសយានដ្ឋាន។ លោកបន្តថា៖ ការធ្លាក់ចុះនៃចំនួនអ្នកដំណើរបានធ្វើឲ្យអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (AoT) ដែលគ្រប់គ្រងព្រលានយន្តហោះធំៗ រួមទាំងសុវណ្ណភូមិផងដែរ ត្រូវបិទតំបន់ខ្លះនៃព្រលានយន្តហោះដើម្បីជួសជុល និងបន្ថែមទីតាំងថ្មី។
តាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍បានបន្តថា៖ ក្នុងអំឡុងពេលបិទទ្វារព្រលានយន្តហោះត្រូវបានកែលម្អ ជួសជុល និងអភិវឌ្ឍបច្ចេកវិទ្យាផ្សេងៗកាន់តែទំនើប និងងាយស្រួលជាងមុនដើម្បីបំពេញតាមតម្រូវការរបស់ភ្ញៀវទេសចរណ៍។ បន្ថែមពីនេះទោះបីជាមានអ្នកដំណើរតិចតួចក៏ដោយក៏អាកាសយានដ្ឋាននៅតែរក្សានូវវិធានការណ៍អនាម័យ និងសម្អាតនៅក្នុងបរិវេណដើម្បីរក្សាទំនុកចិត្តអ្នកដំណើរនៅពេលដែលជើងហោះហើរត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ។
សូមបញ្ជាក់ថា៖ នៅប្រទេសថៃ គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ មានអ្នកឆ្លងថ្មី៩នាក់ សរុបទាំងអស់ ២៩៣១នាក់ , អ្នកជាសះស្បើយ ២៦០៩នាក់, អ្នកកំពុងព្យាបាល ២៧០នាក់ , អ្នកស្លាប់ចំនួន៥២នាក់៕ដោយ៖សិលា