ខេត្តសៀមរាប៖ មានករណីអគ្គិភ័យ ភ្លើងឆាបឆេះទំនិញលើរថយន្តកំពុងបើក នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិថ្នល់តាសិត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប កាលពីវេលាម៉ោង១៤នឹង៤៥នាទីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។
ករណីអគ្គិភ័យឆាបឆេះទំនិញលើរថយន្តដឹកទំនិញ គឺបណ្តាលមកពីការធ្វេសប្រហែសរបស់កម្មករបោះកន្ទុយបារីចោល។ នេះបើតាមការបញ្ជាក់អោយដឹងពីលោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរងទទួលការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៅកន្លែងកើតម្សិលមិញ។
លោកបន្តថា៖ អ្នកបើកបររថយន្តឈ្មោះ លាន សុខអ៊ូ ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ម្ចាស់កម្មសិទ្ធិ ឈ្មោះ ប៉ុល គឹមអេង ភេទស្រី អាយុ៣១ឆ្នាំ ទីលំនៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ក្រោយកើតហេតុ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកជីក្រែងបានអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកជីក្រែង ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤រថយន្ត ទើបអាចគ្រប់គ្រងបាន ហើយភ្លើងបានរលត់ទៅវិញនៅវេលាម៉ោង ១៥នឹង៥០នាទី ថ្ងៃខែឆ្នាំដដែល។
ក្នុងហេតុការណ៍នេះបានបណ្ដាលឲ្យរងការខូចខាត អេតចាយមួយចំនួនធំ, ដបទឹកសុទ្ធធំចំនួន០២ដប, ស្រាបៀរ ចំនួន ៣កេស តែសំណាងល្អមិនរាលដាលឆេះរថយន្ត និងបង្កដល់ប្រជាពលរដ្ឋនៅទីនោះ ដោយសារបានខាងកម្លាំងចុះអន្តរាគមន៍ទាន់ពេលវេលា៕ ដោយ៖ ប្រាថ្នា