ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យ៖ដោយសាកូវីដ១៩ការនាំចេញសម្លៀកបំពាក់របស់កម្ពុជាបានធ្លាក់ចុះជាង៥០ភាគរយ

ចែករំលែក៖

ភ្នំពេញ៖ ដោយសារកូវីដ ១៩ បានធ្វើឲ្យវិស័យកាត់ដេរនៅកម្ពុជាជួបប្រទះវិបត្តិយ៉ាងខ្លាំងដែលគិតត្រីមាសទី១ ឆ្នាំ ២០២០ នេះការនាំចេញសម្លៀកបំពាក់បាន ធា្លក់ចុះប្រមាណពី ៥០ ទៅ ៦០ ភាគរយបើធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០១៩ និង រោងចក្រប្រមាណ១៣០ បានដាក់ពាក្យសុំព្យូរការងារដែលប៉ះពាល់ ដល់ការងាររបស់កម្មករ និយោជិត ប្រមាណ១០ ម៉ឺននាក់ ។ នេះបើយោងទៅលើការបញ្ជាក់របស់លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈនាល្ងាចថ្ងៃទី ២៧ ខែមេសា នៅក្នុងសន្និសីទកាសែតស្តីពី «​បច្ចុប្បន្នភាពនៃ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​កម្មករ​រោងចក្របន្ទាប់​ពី​ឈប់​សម្រាក​ អំឡុង​ពេល​បុណ្យចូលឆ្នាំហើយ​ត្រឡប់​ចូល​បម្រើ​ការងារ​វិញ​»ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ។

លោក អ្នកនាំពាក្យថ្លែងថា៖ប្រទេសកម្ពុជាដែលជាប្រទេសផលិតសំលៀកបំពាក់នាំចេញក៏ដូចជាប្រទេសដទៃផ្សេងទៀតនៅលើពិភពលោក នៅពេលដែលប្រទេសនៅអឺរ៉ុបនិងអាម៉េរិកបានរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ប្រទេសជាច្រើនបានបិទប្រទេស បិទទីក្រុង បិទចរាចរណ៍ធ្វើឲ្យតម្រូវ ការប្រើប្រាស់ សម្លៀកបំពាក់ ឬ ស្បែកជើងឬកាបូបក៏ដូចជាផលិតផលដទៃទៀតត្រូវបានកាត់បន្ថយជាកំហុគផងដែរ ។ តាមរយៈនៃការធ្លាក់ចុះនៃតម្រូវការ ទីផ្សាររបស់យើងនេះធ្វើឲ្យរោងចក្រផ្នែកកាត់ដេរនិងស្បែកជើងបានដាក់ពាក្យស្នើសុំព្យួរការងារដែលគិតមកដល់ពេលនេះមានរោងចក្រជាង ១៣០ និងមាន បងប្អូនកម្មករនិយោជិតជិត ១០ ម៉ឺននាក់ ដែលរងផលប៉ះពាល់ពីការភ្ជួរនេះ ។ បើតាមលោក ហេង សួរ តាមពិតទៅរោងចក្រដែលសុំព្យួរការងារនេះភាគ ច្រើនគឺសុំបីតរោងចក្រតែម្តងក៏ប៉ុន្តែដោយការសម្របសម្រួលពីរាជរដ្ឋាភិបាលនិងការដាក់ចេញនូវវិធានជាបន្តបន្ទាប់ដើម្បីរក្សាការងាររបស់កម្មករនិយោជិត រោងចក្រទាំងនោះបានយល់ព្រមត្រឹមព្យូរការងារដើម្បីរក្សាការងារនិងប្រាក់ចំណូលខ្លះដល់កម្មករ និយោជិត ។

ពាក់ព័ន្ធការនាំចេញសម្លៀកបំពាក់,ស្បែកជើងនិងសម្ភារៈធ្វើដំណើរគិតត្រឹមត្រីមាសទី១កម្ពុជានៅនាំចេញសម្លៀកបំពាក់និងស្បែកជើងនៅរក្សាបានប្រមាណ ៨០ ភាគរយបើធៀបឆ្នាំ ២០១៩ ។ ព្រោះដោយសារថានៅពាក់កណ្តាលខែមករាស្ថាបភាពកូវីដ១៩ មិនទាន់អាក្រក់ណាស់ណានោះទេនៅអឺរ៉ុប និង អាមេរិក នៅចុងខែកុម្ភៈទើបមានសញ្ញាប៉ះពាល់ដោយសារជំងឺកូវីដ១៩ មកដល់ខែមិនាទើបមានការបិទការនាំចេញ ទោះបីរោងចក្រនៅកម្ពុជានៅតែដំណើរ ការផលិតក៏ដោយឬផលិតនូវផលិតផលរួចហើយក៏ដោយ ក៏អ្នកបញ្ជាទិញទាំងនោះសុំឲ្យរក្សាទុកនៅកម្ពុជាសិន ព្រោះទោះបីដឹកទៅក៏គ្មានអ្នកទិញដែរ ។ នេះបើយោងតាមការបញ្ជាក់របស់លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ ។

លោក ហេង សួរ បានឲ្យដឹងទៀតថាតាមរយៈនៃការសម្របសម្រួលនេះអ្នកបញ្ជាទិញខ្លះបានសុខចិត្តបន្តបង់ថ្លៃនូវអ្វីដែលជាផលិតផលរួចហើយ។ ប៉ុន្តែអ្នក បញ្ជាទិញមិនបន្ថែមវត្ថុធាតុដើម និង ដាក់ការបញ្ជាទិញបន្ថែមនោះទេ ទើបធ្វើឱ្យខែ ៤ ខែ ៥ និង ខែ៦នេះអ្នកបញ្ជាទិញគឺមិនទាន់ហ៊ានដាក់ចំនួនតួលេខ ណាមួយនោះទេ។ក៏ប៉ុន្តែក្រណាត់ដែលនាំចូលមកហើយគឺរោងចក្រមួយចំនួនដែលមានឃ្លាំងទំហំធំគឺសុខចិត្តបន្តដេរពិសេសសំលៀកបំពាក់ផ្នែកកម្មកីឡា ព្រោះផ្នែកនេះមិនសូវជាដូរម៉ូតប៉ុន្មាននោះទេ ។ ដូចនេះត្រីមាសទីពីរនេះគឺយើងជួបផលប៉ះពាល់ប្រមាណ ៥០ ទៅ ៦០ ភាគរយបើធៀបឆ្នាំ២០១៩ ។

លោក ហេង សួរ បាន​បញ្ជាក់ផងដែរ​ថា​ចាប់ពី​ថ្ងៃក្រោយ​ចូល​ឆ្នាំ​ខ្មែររហូត​មក​ដល់​ថ្ងៃ​ទី ២៧ ខែមេសាគឺ​មាន​រោងចក្រ​ចំនួន ១០​ដែល​ទទួល​បានការ​អនុញ្ញាត​ពី​ក្រសួង​សម្រាប់​ព្យួរការងារ​ដោយសារ​តែ​បញ្ហា​កូ​វី​ដ​-១៩ ដូច្នេះ​គឺ​នឹង​មាន​កម្មករ​ប្រមាណ​ជាង៦០០០នាក់​នឹង​ត្រូវ​ព្យួរការងារ​បណ្តោះអាសន្នដូច្នេះ​ក្នុងអំឡុង ពេល​ព្យួរការងារ​នេះកម្មករ​កាត់ដេរទទួល​បាន​ប្រាក់ខែ១​ចំនួនដោយ​រាជរដ្ឋាភិបាលចេញ ៤០ ​ដុល្លារ​ និង ពីម្ចាស់រោងចក្រ ៣០ ដុល្លារសរុប ៧០ ដុល្លារ។

លោក ហេង សួរ ក៏បានស្នើឲ្យកម្មករ និយោជិត ដែលព្យួរការងារនេះដើម្បី​ទទួល​បានប្រាក់ឧបត្ថម្ភនេះ​ត្រូវ​ផ្តល់​លេខ​អត្តសញ្ញាណ​បណ្ណ​និង​លេខ​ទូរស័ព្ទ​ត្រឹមត្រូវដើម្បី​ឲ្យ​រដ្ឋបាល​រោងចក្រ​ធ្វើ​បញ្ជី​ជូន​ទៅ​ធនាគារ​វី​ង​ ដើម្បី​វេរ​លុយ​ឲ្យ​ទៅ​បងប្អូន​កម្មករ … ដូច្នេះ​បើ​អាច​សូម​បងប្អូន​កម្មករ​ផ្តល់​លេខទូរ ស័ព្ទ​ដែល​ត្រឹមត្រូវកុំ​ឲ្យ​លេខ​ខុសបើ​ឲ្យ​លេខ​ខុសគឺ​គាត់​មិន​អាច​ទៅ​បើកប្រាក់​ឧ​ប​ត្ថ​ម​នោះ​ទេព្រោះ​បើសិន​គេ​ទាក់ទង​គាត់​មិន​បានអ​ញ្ចឹ​ង​មិនដឹង​ថា​ទៅ​បើក​លុយ​នៅឯណា​ទេ ។ លោក​បាន​អំពាវនាវ​ថា​ពេលវេលា​នេះ​សូម​បងប្អូន​កម្មករ​មេត្តា​កុំ​ឧស្សាហ៍​ប្តូរ​លេខ​ទូរស័ព្ទ​ពេក ៕


ចែករំលែក៖