ព័ត៌មានទាន់ហេតុការណ៍៖

ម៉ាស់​ខុសច្បាប់​ចំនួន ១៤​ម៉ឺន​សន្លឹក ត្រៀម​ដាក់លក់​នៅក្នុង​ទីផ្សារងងឹត ត្រូវប៉ូលិសបារាំងរឹបអូស

ចែករំលែក៖

ប្រទេសបារាំង៖ ដើម្បី​ហាមឃាត់ និង​ប្រយុទ្ធប្រឆាំង​ការលក់​ម៉ាស់​ខុសច្បាប់​ទាំងឡាយ ដែល​ទុក​សម្រាប់​បុគ្គលិក​សុខាភិបាល​បារាំង ខណៈពេល​ជំងឺ COVID-19 កំពុងតែ​រីកសាយ​ភាយ​ខ្លាំង​នៅក្នុង​ប្រទេស ហើយ​សម្ភារ​វេជ្ជសាស្ត្រ​មួយចំនួន កំពុងតែ​ខ្វះខាត​ ។ 

ជាក់ស្តែងនៅថ្ងៃទី​២៦ ខែមេសា ឆ្នាំ២០២០ ប៉ូលិស​បារាំង បាន​រឹបអូស​ម៉ាស់​ខុសច្បាប់​ចំនួន ១៤​ម៉ឺន​សន្លឹក ដែល​ត្រៀម​លក់​នៅក្នុង​ទីផ្សារងងឹត​ ។ នេះ​គឺជា​ចំនួន​ម៉ាស​ដ៏​ច្រើន​បំផុត ដែល​ប៉ូលិស​បារាំង​រឹបអូស​បាន​ចាប់តាំងពី​ផ្ទុះ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) នាពេល​កន្លងមក​ ។ 

 ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្នុងការ​ចុះបង្ក្រាប​នេះ មន្ត្រីប៉ូលិស​បារាំង បាន​ចាប់ខ្លួន​បុរស​ចំនួន ២​នាក់ នា​សង្កាត់ Saint-Denis ក្នុង​រដ្ឋធានី​បារី​ស ​។ តាម​ការសាកសួរ​រប​ស់​ប៉ូលិស ក្នុងចំណោម​ពួកគេ​ទាំងពីរ មាន​១​នាក់ គឺជា​អ្នកជំនួញ ដែល​បាន​ទិញ​ម៉ាស់​ពី​ហូ​ឡង់​ក្នុងតម្លៃ​ប្រមាណ​ជិត ៩​ម៉ឺន​ដុល្លារ​។ ក្នុង​ប្រភេទ​ម៉ាស់​ទាំងនោះ ក៏មាន​ម៉ាស់​ការពារ​ប្រភេទ FFP2 ផងដែរ​។ បើតាម​ការអះអាង​រប​ស់​មន្ត្រីប៉ូលិស ម៉ាស់​ដែលមាន​ចំនួន​ដ៏​ច្រើន​បែបនេះ គឺ​ត្រៀម​រៀបចំ​លក់​ឲ្យ​កម្មករសំណង់ ក្នុងតម្លៃ​ដ៏​ខ្ពស់​មួយ​ ។​

 នា​ខែមីនា​កន្លងទៅ អាជ្ញាធរ​បារាំង បាន​រឹបអូស​ម៉ាស់​ប្រមាណ​ជា ៣២៥០០​សន្លឹក ដែល​ត្រូវបាន​គេ​ទិញ​មកពី​ចិន និង​ស្តុក​ទុក​នៅក្នុង​ឃ្លាំង​មួយ​ក្បែរ​ទីក្រុង​ប៉ារីស​។ បន្ថែម​ពីលើ​នេះ ក្នុង​ខែ​ដដែល អាជ្ញាធរ​បារាំង​ក៏បាន​រឹបអូស​ម៉ាស់​ប្រមាណ​ជា ២៨៨០០​សន្លឹក ក្នុង​សង្កាត់​មួយ នាទី​ក្រុងប៉ារីស​ផងដែរ​។ 

 គិត​មក​ត្រឹម​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ បារាំង​មាន​ករណី COVID-19 សរុប​ចំនួន ១៦២១០០​ករណី អ្នកស្លាប់​ចំនួន ២២៨៥៦​ករណី និង​អ្នកជា​សះស្បើយ​មាន​ចំនួន ៤៤៩០៣​ករណី​៕

ដោយ៖ស តារា


ចែករំលែក៖