ភ្នំពេញ ៖លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានឱ្យដឹងថា ទទក២(TVK2)នឹងបន្តផ្សាយកម្មវិធីអប់រំពិសេសៗបន្ទាប់ពីជំងឺកូវីដ-១៩ស្ងប់ស្ងាត់។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា(ទទក)នៅព្រឹកថ្ងៃទី២៨ខែមេសាឆ្នាំ២០២០នេះ លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ក្រសួងព័ត៌មាននិងក្រសួងអប់រំសហការគ្នាបង្កើតកម្មវិធីសិក្សាពីចម្ងាយតាមរយៈទូរទស្សន៍ ទទក២ (TVK2)នេះ នឹងនៅតែបន្តផ្សាយកម្មវិធីសិក្សាពីចម្ងាយទោះបីជំងឺកូវីដ-១៩ចប់លែងរាតត្បាតបន្តទៅទៀតក៏ដោយ ប៉ុន្តែមិនផ្សាយពេញម៉ោងទៀតទេ ទទក២នេះនឹងផ្តោតតែលើកម្មវិធីអប់រំពិសេសៗប៉ុណ្ណោះ។
លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា «ទទក២ ឬTVK2នេះជាកាណាល់មួយសម្រាប់ការអប់រំដូច្នេះយើងមិនអាចមានកម្មវិធីរៀនគ្រប់ម៉ោងទេ ប៉ុន្តែយើងអាចរៀនតែកម្មវិធីសម្រាប់ថ្នាក់ប្រឡងឬមួយថ្នាក់មុនប្រឡង ថ្នាក់ទី១១ឬ១២ យើងអាចនឹងរកគ្រូដែលជំនាញពូកែៗ គាត់នឹងមកបង្រៀន ខ្ញុំចង់និយាយនេះនៅពេលសាលាបើកធម្មតាវិញហើយ អញ្ចឹងពេលនឹងគ្រូគណិតយើងរកគ្រូគណិតដែលពូកែ យើងបង់លុយជូនគាត់ ហើយគាត់បង្រៀន ដល់ពេលនឹង ឱកាសមានដូចគ្នា បានន័យថា ធម្មតាគ្រូល្អគ្រូពូកែភាគច្រើននៅទីប្រជុំជន នៅជនបទគ្រូល្មម អញ្ចឹងបើយើងបើកមានកម្មវិធីនេះបានគឺក្មេងនៅជនបទឆ្ងាយប៉ុណ្ណាក៏ដោយក៏គាត់មានឱកាសរៀនពីគ្រូពូកែនឹងដែរ»។
លោក រដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា «គ្រូៗក៏អាចលួចបច្ចេកទេសរៀនពីគ្រូពូកែនឹងដែរដូច្នេះអានឹងយើងនឹងផ្តោតពេល(ជំងឺកូវីដ-១៩)ទៅធម្មតាវិញ យើងនឹងផ្តោតតែលើថ្នាក់ប្រឡង នឹងថ្នាក់មុនប្រឡងមួយឆ្នាំ អាស្រ័យលើការពិគ្រោះជាមួយមាតាបិតាសិស្ស ជាមួយសិស្សនិងជាមួយលោកគ្រូបង្រៀន ដើម្បីជជែកគ្នាជាមួយក្រសួងអប់រំ»។
ក្រៅពីនេះម៉ោងដែលនៅសល់ នឹងមានកម្មវិធីតុមូលជជែកអំពីច្បាប់ ជជែកអំពីបញ្ហាអនាម័យ បញ្ហាមេផ្ទះ ឬអញ្ជើញវាគ្មិនជជែកអំពីច្បាប់ ខណៈសភាជជែកច្បាប់លើមាត្រាណាមួយតឹងតែង ឬច្បាប់ណាមួយដែលសភាអនុម័តហើយឱ្យអ្នកជំនាញឬក្រសួងពាក់ព័ន្ធពន្យល់ពីខ្លឹមសារសំខាន់នៃច្បាប់ទាំងនោះដល់សាធារណជន៕ហេង សូរិយា