ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវ បានឃាត់ខ្លួនបុរស២នាក់ ម្នាក់ជាជនជាតិខ្មែរ និងម្នាក់ជាជនជាតិចិន ខណៈដែលពួកគេបង្កហិង្សាដាក់គ្នានៅតាមផ្លូវបណ្ដាលឲ្យរងរបួសរៀងខ្លួន ព្រោះតែការបើកបរគ្មានយោគយល់គ្នាទៅវិញទៅមក ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចក្បែរស្ថានីយ៍ទូរទ្សន៍CTN ក្នុងសង្កាត់គីឡូវម៉ែតលេខ៦ ខណ្ឌឬស្សីកែវ ។
តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ករណីហិង្សាខាងលើនេះ ដំបូងឡើងគេឃើញបុរសម្នាក់កំពុងបើកម៉ូតូរ៉ឺម៉ក មួយគ្រឿងមកពីដឹកភ្ញៀរវិញ ស្រាប់តែពេលនោះមានរថយន្តមួយគ្រឿងម៉ាក តាកូម៉ា ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2W-8019 បើកបរដោយជនជាតិចិន បានសុីភ្លេនិងកៀរឡាំប្រឺតានោះ ។ ពេលនោះម្ចាស់ ម៉ូតូរ៉ឺម៉កក៏ចុះទៅសួរនាំ ទើបបង្កការឈ្លោះប្រកែកគ្នារហូតឈានដល់ការប្រើអំពើហិង្សា ដោយបុរសជនជាតិខ្មែរខឹងបុរសជនជាតិចិនវាយគាត់បណ្តាលរបួសស្រាល និងរហែកអាវ ភ្លាមៗនោះគាត់ខឹងពេកក៏យកទួនឺវីសចាក់ចំដៃខាងឆ្វេងបុរសជនជាតិចិននោះវិញ បណ្តាលឲ្យហូរឈាមរបួសស្រាល ទើបបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកកន្លែងកើតហេតុ ឃាត់ភាគីទាំងសងខាងយកទៅប៉ុស្តិ៍ដើម្បីសួរនាំ ។
បន្ទាប់ពីឃាត់ខ្លួនភាគីទាំងសងខាងមកសាកសួរ សមត្ថកិច្ចបញ្ជាក់ថា ភាគីម្ខាងមានឈ្មោះ អែម សម្បត្តិ ភេទប្រុសអាយុ៥១ឆ្នាំ មុខរបររត់ ម៉ូតូរ៉ឺម៉ក ស្នាក់នៅម្តុំផ្សារថ្មី ខណ្ឌដូនពេញ ។ ចំណែកភាគីម្ខាងទៀតជាជនជាតិចិន ចេះនិយាយខ្មែរតិចៗ រួមដំណើរជាមួយប្រពន្ធ នឹងកូនមានគ្នា៤នាក់ ។
ក្រោយកើតហេតុដោយមានការសម្របសម្រួលពីសមត្ថកិច្ចមិនចង់ឲ្យមានរឿងវែងឆ្ងាយ ព្រោះភាគីទាំងសងខាងរងរបួសស្រាលរៀងខ្លួន ក៏សុខចិត្តមិនប្តឹងផ្តល់គ្នា ហើយសមត្ថកិច្ចធ្វើការអប់រំរួចឲ្យត្រលប់ទៅផ្ទះវិញរៀងៗខ្លួន ៕ធឿន ព្រែកជ័យ