សៀមរាប ៖ បន្ទាប់ពីកម្លាំងសមត្ថកិច្ចចម្រុះនៃរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក អាជ្ញាធរមូលដ្ឋានចុះបង្ក្រាបសកម្មភាពលួចឈូសឆាយដីព្រៃរបស់រដ្ឋមួយកន្លែងនៅក្នុងស្រុកជីក្រែងហើយចាប់ឃាត់ត្រាក់ទ័រចំនួន២គ្រឿងរួចមក សមត្ថកិច្ច្ចចម្រុះបានឈានដល់ឃាត់ខ្លួនអ្នកស៊ីឈ្នួលបើកត្រាក់ទ័របានពីរនាក់នៅវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិចេក ឃុំពង្រលើស្រុកជីក្រែង ខេត្តសៀមរាប ជាកន្លែងដែលប្រព្រឹត្តបទល្មើស។
នៅល្ងាចថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០២០នេះបើតាមប្រភពព័ត៌មានពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើសង្កាត់ខ្វាវ លោក ភោគ វីរ: បានឲ្យដឹងថា កម្លាំងចម្រុះបានឃាត់ខ្លួនជនសង្ស័យ២នាក់ជាម្ចាស់គ្រឿងចក្រមាន ឈ្មោះ អ៊ិន ហេង ភេទប្រុស រស់នៅ ភូមិព្រៃឆ្កា ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប និងឈ្មោះ អៃ លាស់ ភេទប្រុស រស់នៅភូមិ ត្រពាំងព្រៃ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ក្រោយឃាត់ខ្លួនទាំង២នាក់ពួកគេបានសារភាពថាខ្លួនបានមកស៊ីឈ្នួលឈូសឆាយដីព្រៃឲ្យគេ នៅចំណុចខាងលើដោយធ្វើតាមឈ្មោះអ៊ី គឹមសាន្ដ រស់នៅក្រុងភ្នំពេញ (មិនដឹងមានមុខងារអ្វី)ជាអ្នកជួលឲ្យមកឈូសឆាយ។
លោក ភោគ វីរ: បានឲ្យដឹងថា ដីនេះជាដីព្រៃល្បោះវាលលើមានទំហំរាប់រយហិកតា ស្ថិតនៅភូមិចេក ឃុំពង្រលើ ស្រុកជីក្រែងខេត្តសៀមរាប ដែលជាដីគ្រប់គ្រងដោយរដ្ឋទុកសម្រាប់អភិរក្សសត្វព្រៃនិងសត្វស្លាប។ក្នុងពេលប៉ុន្មានថ្ងៃមកនេះ ស្រាប់តែមានគ្រឿងចក្រ២គ្រឿងខាងលើមកឈូសឆាយបំផ្លាញព្រៃល្បោះជាជម្រកសត្វព្រៃក្នុងបំណងយកធ្វើជាកម្មសិទ្ធិរបស់បុគ្គលម្នាក់រស់នៅក្រុងភ្នំពេញ។ដូច្នេះហើយទើបកម្លាំងចម្រុះសហការគ្នាចុះមកបង្រ្កាបឃាត់បានគ្រឿងចក្រ២គ្រឿងនិងអ្នកបើកបរ២នាក់តែម្តង។
លោក ភោគ វិរ: បន្តទៀតថា ម្ចាស់គ្រឿងចក្រទាំង២នាក់ខាងលើនេះ រួមនឹងវត្ថុតាងត្រាក់ទ័រម៉ាកKUBUTAពណ៌ក្រហមមួយគ្រឿងនិងម៉ាកTALOSពណ៌បៃតងមួយគ្រឿងត្រូវបានរឹបអូសនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបដើម្បី ចាត់ការតាមផ្លូវច្បាប់។
ចំណែកលោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែងបានប្រាប់ភ្នាក់ងារយកព័ត៌មានមជ្ឈមណ្ឌលព័ត៌មាននគរវត្តកាលពីព្រលប់ថ្ងៃទី៣០មេសានេះថា ដីដែលជនខិលខូចឈូសឆាយបម្រុងយកធ្វើកម្មសិទ្ធិនោះមានចំនួនតិចតួច ហើយដោយអាជ្ញាធរដែនដីដឹងទៅបង្រ្កាបទាន់ទើបគេគ្មានលទ្ធភាពឈូសឆាយទ្រង់ទ្រាយធំបាន។
លោកអភិបាលស្រុកបញ្ជាក់ថា យើងកំពុងឲ្យជំនាញសន្និដ្ឋានរឿងហេតុដើម្បីមានវិធានការតាមច្បាប់និងឈានទៅឃាត់ខ្លួនឈ្មោះ អ៊ី គឹមសាន្ត រស់នៅរាជធានីភ្នំពេញ ដែលជាអ្នកបញ្ជាឲ្យឈូសឆាយបំផ្លាញសម្បត្តិរដ្ឋ ដើម្បីនាំខ្លួនមកទទួលខុសត្រូវចំពោះមុខច្បាប់ ៕ ដោយ÷ ប៊ុន រិទ្ធី