ភ្នំពេញ ៖ លោកតឹក ង៉ូយ ដែលមានអាយុដល់ទៅ៨០ឆ្នាំនិងជាបុគ្គលឆ្នើមមួយរូបខាងធ្វើនំដូណាត់ខ្មែរល្បីពេញទឹកដីអាមេរិក គ្រាដែលលោកភៀសខ្លួននៅអាមេរិកនោះនៅពេលនេះលោកបាន រៀបការជាមួយក្រមុំវ័យ២៣ឆ្នាំ ដ៏ស្រស់ស្អាតម្នាក់មានដើមកំណើតនៅខេត្តបាត់ដំបងកាលពីថ្ងៃទី១ខែឧសភាឆ្នាំ២០២០ម្សិលមិញនេះ។
អាពាហ៍ពិពាហ៍ពិពាហ៍នេះបានប្រព្រឹត្តទៅនៅភោជនីយដ្ឋានមួយ ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីផលិតករ អ្នកដឹកនាំកម្មវិធីទូរទស្សន៍មួយចំនួនយ៉ាងច្រើនកុះករ បន្ទាប់ពីគេដឹងថាលោកតឹក ង៉ូយ ជាជនចាស់ជរានៅពោះម៉ាយម្នាក់ឯងយូរឆ្នាំ ហើយកូនៗបស់គាត់មានគ្រួសារ បង្កើតបានជាចៅៗរាប់ភ្លេច ទៅហើយនោះ។
លោកបានមករស់កម្ពុជាវិញក្នុងអំឡុងទសវត្សឆ្នាំ៩០ បង្កើតជាគណបក្សនយោបាយមួយ និងជាប្រធានសមាគមកាត់ដេរនៅកម្ពុជាផងដែរ។តែក្រោយមកបាត់ឈ្មោះបាត់សំឡេង ហើយស្រាប់តែម្សិលមិញនេះធ្វើឲ្យគេភ្ញាក់ផ្អើល ខណ:លោកបានរៀបការជាមួយក្រមុំខ្មែរស្រស់ស្អាតម្នាក់វ័យត្រឹមតែ២៣ឆ្នាំ មានដើមកំណើតខេត្តបាត់ដំបង។
លោកតឹក ង៉ូយ អះអាងថា លោកនិងភរិយាវ័យក្មេងជ្រើសរើសគ្នាជាគូគាប់នេះកើតចេញពីនិស្ស័យ មិនមែនកើតចេញពីភាពត្រេកត្រអាលកាមគុណនោះទេ។លោកគិតថាស្នេហាពិតមិនប្រកាន់អាយុឬវ័យនោះទេ សំខាន់គឺការយល់ចិត្តគ្នាពិតប្រាកដ ។ លោក សម្តែងភាពរីករាយ ដែលមានស្ត្រីស្រស់ស្អាតម្នាក់ដែលបានសម្រេចចិត្តដើរចូលប្រឡូកក្នុងឆាកជីវិតជាមួយលោក មើលថែទាំលោកដោយការពេញចិត្ត ទោះបីមជ្ឈដ្ឋានមួយចំនួនរិះគន់លោកថាវ័យនេះសមចូលវត្តស្តាប់ធម៌អារ្យក៏ដោយ។
សូមបញ្ជាក់ថា លោក តឹក ង៉ូយកាលពីអតីតកាលជីវិតរបស់លោកជាជនភៀសខ្លួនដ៏ក្រីក្រម្នាក់ប៉ុណ្ណោះ ។
តែក្រោយមកលោកក៏បានក្លាយជាអ្នកមានទ្រព្យសម្បត្តិដ៏ស្តុកស្តម្ភតាមរយ:ជាអ្នកធ្វើនំដូណាត់ខ្មែរល្បីពេញទឹកដីអាមេរិកនិងមករកស៊ីយ៉ាងកាក់កបនៅស្រុកខ្មែរ៕
ដោយ÷ប្រាថ្នា