ភ្នំពេញ ៖ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ នេះ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ទើបបានសម្រេចផ្តល់ជំនួយបន្ថែមចំនួន២លានអឺរ៉ូដល់គម្រោង ECOMORE II ដើម្បីពង្រឹងសមត្ថភាពរបស់មន្ទីរពិសោធន៍នានានៅអាស៊ីអាគ្នេយ៍។ អនុវត្តដោយវិទ្យាស្ថានប៉ាស្ទ័រ គម្រោងនេះមានគោលដៅពង្រឹងយន្តការតាមដាន ធ្វើរោគវិនិច្ឆ័យ និងឆ្លើយតបចំពោះជំងឺរបស់បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ។ ប្រទេសកម្ពុជានិងប្រទេសដៃគូចំនួន៤ផ្សេងទៀតនៅក្នុងតំបន់នឹងទទួលបានហិរញ្ញប្បទានថ្មីនេះ ដែលជាជំនួយផ្ទាល់សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ដោយសារគម្លាតខ្លាំងនៅក្នុងប្រព័ន្ធសុខាភិបាលទាំងថ្នាក់ជាតិនិងថ្នាក់តំបន់ អាស៊ីអាគ្នេយ៍កំពុងប្រឈមនឹងហានិភ័យខ្ពស់នៃជំងឺកូរ៉ូណា ឬកូវីដ១៩។ ក្នុងអំឡុងពេល២ខែដំបូងនៃការផ្ទុះឡើងនូវមេរោគនេះមានការឆ្លងតែ៧៥៥ករណីប៉ុណ្ណោះនៅក្នុងតំបន់ ប៉ុន្តែចាប់តាំងពីពាក់កណ្តាលខែមីនាមក ការឆ្លងបានកើនឡើងខ្លាំងរហូតដល់៦០០០នាក់។ ជំងឺនេះនឹងក្លាយទៅជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់រយ:ពេលប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែខាងមុខ។
អនុលោមតាមការប្តេជ្ញាចិត្តរបស់លោក អេម៉ានុយអែល ម៉ាក្រុងប្រធានាធិបតីបារាំង ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានធ្វើសកម្មភាពឆ្លើយតបនឹងគ្រោះអាសន្នសាកលផ្នែកសុខាភិបាល នេះ។ក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមថ្មី «កូវីដ១៩–សុខភាពរបស់យើងទាំងអស់គ្នា» ហិរញ្ញប្បទានបន្ថែមត្រូវបានផ្តល់ជូនគម្រោងECOMORE II (គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច ការផ្លាស់ប្តូរប្រព័ន្ធអេកូឡូស៊ី និងការវាយតម្លៃហានិភ័យនៃជំងឺឆ្លងលេចឡើងថ្មីៗ) ដែលអនុវត្តដោយវិទ្យាស្ថានប៉ាស្ទ័រ។ ជំនួយនេះនឹងរួមចំណែកពង្រឹងសមត្ថភាពរបស់មន្ទីរពិសោធន៍ជួរមុខនៅប្រទេសកម្ពុជា ឡាវ វៀតណាម មីយ៉ាន់ម៉ា និងហ្វ៊ីលីពីន ដែលកំពុងដើរតួយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ លោក Yazid Bensaïd នាយក AFD ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានគូសបញ្ជាក់ថា៖ «ដូចអនុសាសន៍របស់អង្គការសុខភាពពិភពលោក យើងចាំបាច់ត្រូវទប់ស្កាត់ការផ្ទុះឡើងជំងឺនេះ ដោយផ្តល់ការគាំទ្រដល់គោលនយោបាយ និងយុទ្ធសាស្រ្តគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសដៃគូ តាមរយៈការពង្រឹងសមត្ថភាពរបស់មន្ទីរពិសោធន៍»។
ជាមួយជំនួយផ្ទាល់របស់ទីភ្នាក់ងារ AFD មន្ទីរពិសោធន៍ចំនួន៧នៅក្នុងប្រទេសខាងលើ ក្នុងនោះមានមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានឹងមានលទ្ធភាពទិញឧបករណ៍សម្រាប់ធ្វើរោគវិនិ ច្ឆ័យបន្ថែម ទិញឧបករណ៍ការពារសម្រាប់បុគ្គលិក ពង្រឹងធនធានមនុស្សបណ្តុះបណ្តាលនិងផ្ទេរចំណេះដឹង ព្រមទាំងពង្រីកការធ្វើរោគវិនិច្ឆ័យទ្រង់ទ្រាយធំបន្ថែមលើការធ្វើរោគវិនិច្ឆ័យតាមម៉ូលេគុលនាពេលបច្ចុប្បន្ន និងផ្លាស់ប្តូរទិន្នន័យជាមួយវិទ្យាស្ថានស្រាវជ្រាវបារាំងសម្រាប់ការអភិវឌ្ឍ ដើម្បីតាមដានការវិវត្តនៃជំងឺនេះ។ នៅប្រទេសកម្ពុជាវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាត្រូវបានចាត់ទុកជាមន្ទីរពិសោធន៍ឈានមុខក្នុងការធ្វើតេស្តជំងឺកូវីដ១៩។
លោកស្រីវេជ្ជបណ្ឌិត ឡូរ៉ង់ បារីល នាយិកាវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានិងជាមន្ត្រីជំនាញបច្ចេកទេសអន្តរជាតិនៃក្រសួងការបរទេសបារាំងគូសបញ្ជាក់ថា៖ «ការផ្តល់ហិរញ្ញប្បទាននេះមានសារសំខាន់ក្នុងការជួយជ្រោមជ្រែងមន្ទីរពិសោធន៍ផ្នែកវីរុសសាស្រ្តនានា និងកិច្ចខិតខំប្រឹងប្រែងទាំងឡាយក្នុងផ្នែកសុខភាពសាធារណៈនៅតាមប្រទេសដៃគូទាំង៥នៃគម្រោង ECOMORE នៅចំពោះមុខនៃវិបត្តិសុខាភិបាលបង្កឡើងដោយជំងឺកូវីដ១៩។ ជាមួយបណ្តាញក្នុងតំបន់ យើងអាចផ្លាស់ប្តូរបទពិសោធន៍គ្នា និងអភិវឌ្ឍវិធីសាស្រ្តរបស់យើងក្នុងការគ្រប់គ្រងជំងឺនេះ។ មន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ស្ថិតក្នុងចំណោមមន្ទីរពិសោធន៍ឈានមុខទាំង១៧របស់អង្គការសុខភាពពិភពលោកហើយជំនាញបច្ចេកទេសរបស់យើងនឹងត្រូវចែករំលែកជាមួយមន្ទីរពិសោធន៍ពាក់ព័ន្ធទាំងអស់។ ជំងឺកូវីដ១៩គឺជាបញ្ហាប្រឈមដ៏ធំមួយចំពោះវិស័យសុខាភិបាលនិងសេដ្ឋកិច្ច ហើយយើងត្រូវស្វែងរកដំណោះស្រាយដើម្បីគ្រប់គ្រងជំងឺនេះ និងការពារប្រជាពលរដ្ឋនៃប្រទេសទាំង៥»។
ចំណែកលោកសាស្រ្តាចារ្យ ព្យែរ ម៉ារី ហ្ស៊ីរ៉ា នាយកបណ្តាញអន្តរជាតិនៃវិទ្យាស្ថានប៉ាស្ទ័រ បានលើកឡើងថា គម្រោង ECOMORE II ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីបេសកកម្មដ៏សំខាន់របស់បណ្តាញអន្តរជាតិនៃវិទ្យាស្ថានប៉ាស្ទ័រទាំងអស់ ដែលតាមរយ:អ្នកស្រាវជ្រាវរបស់ខ្លួននៅជុំវិញពិភពលោក កំពុងខិតខំប្រឹងប្រែងចូលរួមក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងថ្មីៗ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ។ ដោយ៖វឌ្ឍនា