ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានចេញសេចក្តីថ្លែងការណ៍
ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា លើកទី២៧។ ក្នុងនោះបានបញ្ជាក់ថា៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) សម្រាប់ឆ្នាំ២០២០នេះ ដូចគ្នានឹងសមាគម ក្លិប សហព័ន្ធនៅជុំវិញពិភពលោកដែរ គឺមិនរៀបចំពិធីជួបជុំដើម្បីប្រារព្ធ ទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ដូចឆ្នាំ មុនៗទេ ដោយសារនៅពេលនេះ ពិភពលោកទាំងមូល រួមទាំងប្រទេសកម្ពុជាយើងផង រងការរាតត្បាតពីជំងឺកូវីដ១៩នៅឡើយ។ ក្នុងន័យនេះ ស.ស.ស.ក សូមប្រែក្លាយទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំនេះ ទៅជាការប្តេជ្ញាចិត្ត រួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បន្តចូលរួមផ្សព្វផ្សាយវិធានការនានាបម្រើការយល់ដឹងអំពីសុវត្ថិភាពសុខុមាលភាពដល់សាធារណជន។ «សុខភាព» ពោលគឺ «សិទ្ធិរស់រានមានជីវិត» ក្នុងពេលនេះ នៅតែជាអាទិភាពចម្បងបំផុត និងមានតម្លៃជាងអ្វីៗទាំងអស់។ ដរាបណាអាយុជីវិតត្រូវបានថែរក្សាការពារល្អប្រសើរ ទើបមនុស្សគ្រប់ៗរូបមានឱកាសអនុវត្តសិទ្ធិដទៃទៀត រួមទាំងសិទ្ធិសេរីភាពសារព័ត៌មាន និងសិទ្ធិបញ្ចេញមតិផងដែរ។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា រួមជាមួយប្រជាជនកម្ពុជា ពិតជាមានការត្រេកអរ ដែលកម្ពុជាយើងមានអ្នកឆ្លងជំងឺនេះក្នុងអត្រាទាប ហើយបងប្អូនដែលឆ្លងជំងឺនេះ ក៏ទទួលការយកចិត្តទុកដាក់ជួយព្យាបាលពីសំណាក់ក្រុមវេជ្ជបណ្ឌិតរហូតបានជាសះស្បើយជិតអស់ហើយ ដោយគ្មានអ្នកណាម្នាក់រងគ្រោះដល់អាយុជីវិតឡើយ។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមយកឱកាសទិវាសេរីភាពសារព័ត៌មានឆ្នាំនេះ ប្រែក្លាយជាថ្ងៃនឹករលឹកនិងការដឹងគុណដល់រៀមច្បងសារព័ត៌មានរបស់យើងសរុប១៨រូប ដែលពួកគាត់បានដឹកដៃអ្នកទាំងឡាយក្នុងវិស័យនេះឆ្លងកាត់ដំណាក់កាលនីមួយៗ ហើយឥឡូវពួកគាត់ខ្លះក្លាយជាព្រឹទ្ធាចារ្យនិងមានវ័យជរាទៅហើយ។ ស.ស.ស.ក បានរៀបចំនូវអំណោយរួមមាន៖ អង្ករ ភេសជ្ជៈ សម្ភារប្រើប្រាស់ និងថវិកា ជូនដល់រៀមច្បងយើងក្នុងស្មារតីកតញ្ញូ «ជួយគ្នាក្នុងគ្រាលំបាក» និង «ធ្វើបុណ្យទាន់ខែភ្លឺ»។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក្នុងឱកាសនេះដែរ សូមលើកទឹកចិត្តដល់មិត្តអ្នកសារព័ត៌មានទាំងអស់បន្តបំពេញតួនាទី ដោយប្រកាន់ខ្ជាប់គោលការណ៍វិជ្ជាជីវៈនិងសេចក្តីថ្លៃថ្នូរ ដើម្បីបន្តទទួលបានការគោរពស្រឡាញ់ និងការជឿទុកចិត្ត។ ជាមួយគ្នានេះ ស.ស.ស.ក សូមលើកទឹកចិត្តដល់មិត្តអ្នកសារព័ត៌មាន ចំណាយផ្នែកឬជ្រុងណាមួយនៃអាជីពខ្លួនជួយផ្សព្វផ្សាយអំពីសក្តានុពលប្រទេសជាតិរបស់យើង ដើម្បីរួមចំណែកបង្ហាញផ្ទះកម្ពុជាដ៏ល្អស្អាតទៅកាន់ឆាកអន្តរជាតិ និងកសាងមោទនភាពសម្រាប់អនាគតកូនៗនិងប្រជាជាតិយើង។ ព្រឹទ្ធាចារ្យខ្មែរយើងទូន្មានថា៖ «នៅពេលអ្នកមានគំនិតវិជ្ជមាន សូម្បីតែអ្នករកឃើញនូវចំណុចល្អឬពន្លឺតូច១ នោះអ្នកក៏នឹងអាចរកឃើញនូវទិសពិតប្រាកដ សម្រាប់ការដើរឆ្ពោះទៅមុខ»។ សូមជូនពរមិត្តសារព័ត៌មានទាំងអស់ទទួលបានជោគជ័យថ្មីៗថែមទៀតនៅក្នុងអាជីពជាមួយនឹងការតម្កល់ខ្ពស់ជានិច្ចនូវឧត្តមគតិជាតិនិយម «សេរីភាពក្រោមស្មារតីជាតិឯករាជ្យ»៕សុខ ខេមរា