អាមេរិក៖ ចឹងតើបានជាលោកត្រាំ ផ្តាច់ជំនួយដល់អង្គការសុខភាពពិភពលោក ដោយសារតែអង្គការនេះមិនលំអៀងទៅអាមេរិក បើទោះបីអាមេរិកចំណាយប្រាក់ច្រើនទៅលើអង្គការនេះក្តី។ពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អះអាងអំពីភស្ដុតាងថាកូវីដ១៩ បានលេចចេញពីមន្ទីរពិសោធន៍របស់ចិន។
នៅពេលនេះ អង្គការសុខភាពពិភពលោក (WHO) បានថ្លែងជាដដែលៗថា វីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ១៩នេះ បានកើតចេញពីធម្មជាតិ។ អ្នកវិទ្យាសាស្រ្ដជាច្រើនជឿថា មេរោគដ៏កាចសាហាវនេះអាចកើតចេញពីសត្វ ហើយចម្លងទៅមនុស្ស ដោយផ្ទុះឡើងដំបូង កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ ប្រទេសចិន។ មេរោគនេះត្រូវគេជឿថា កើតចេញពីផ្សារលក់សាច់សត្វព្រៃ នៅក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន។
ប៉ុន្តែលោក លោក ដូណាល់ ត្រាំ បានថ្លែង ថា លោកមានភស្ដុតាងដែលថា មេរោគនេះបានលេចចេញពីមន្ទីរពិសោធន៍វីរុសជីវសាស្រ្ដវូហាន។ ដោយសារតែការធ្លាយចេញពីទីនោះ ទើបនាំឲ្យមានការឆ្លងរាតត្បាតពាសពេញពិភពលោកបែបនេះ។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតី មិនបានបង្ហាញឲ្យពិស្ដារអំពីរឿងនេះឡើយ។
នៅពេលសួរអំពីការអះអាងរបស់លោក ត្រាំ ថ្លែង នៅក្នុងសន្និសីទកាសែតនោះ លោក Michael Ryan ប្រធានផ្នែកសង្រ្គោះបន្ទាន់របស់ WHO បានសង្កត់ធ្ងន់ថា ភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ បានធ្វើសវនការម្ដងហើយម្ដងទៀតជាមួយនឹងអ្នកវិទ្យាសាស្រ្ដជាច្រើន ដែលបានបង្ហាញពីហេតុផល នៃវីរុសនេះ។លោក Michael Ryan បានបញ្ជាក់ជាដដែលៗថា ភ្នាក់ងារអង្គការសហប្រជាជាតិ នៅតែប្រកាន់ជំហរដូចមុនថា យើងជឿថា មេរោគនេះកើតចេញពីធម្មជាតិ មិនមែនអ្នកណាម្នាក់ជាអ្នកបង្កើតនោះឡើយ។
ក្រុមអ្នកវិភាគបានលើកឡើងថា គោលដៅរបស់អាមេរិកគឺចង់ទៅស្រាវជ្រាវនៅមន្ទីរពិសោធរបស់ចិន នៅវូហានថាតើមានអ្វីនៅទីនោះដើម្បីទម្លាក់កំហុសទាំងស្រុងទៅលើចិន៕ដោយ៖ធី រីណា