ព័ត៌មានទាន់ហេតុការណ៍៖

សត្វ​ទោច​មកុដ និង​សត្វ​ភេ ដែល​​ដោះលែង​នៅ​ព្រៃ​ឧទ្យាន​អង្គរ​ កើត​បាន​កូន​៣​បន្ថែម​

ចែករំលែក៖

ខេត្តសៀមរាប៖ចាប់​តាំងពី​ឆ្នាំ​២០១៣​មក គម្រោង​ដោះលែង​សត្វព្រៃ​ក្នុង​ឧទ្យាន​អង្គរ ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ និង​អង្គការ Wildlife Alliance ទទួលបាន​ជោគជ័យ​ក្នុង​ការ​ដោះលែង​សត្វ​ចូល​ក្នុងព្រៃ​ធម្មជាតិ​នៃ​ឧទ្យាន​អង្គរ​បានជា​ច្រើន​ប្រភេទ​ដូចជា សត្វ​ទោច​មកុដ​ចំនួន​១០​ក្បាល សត្វ​ឈ្លូស​​៤​ក្បាល សត្វ​ស្វា​ព្រាម​១២​ក្បាល សត្វ​សំពោចក្រអូប​​៥​ក្បាល សត្វ​ភេ​ខ្លួន​រលោង​៥​ក្បាល ដែល​មកដល់ពេលនេះ​សត្វ​ទាំងអស់នោះ​នៅតែមាន​វត្ត​មាននៅ​ទីនោះ​នៅឡើយ ក្រោម​ការយកចិត្តទុកដាក់​តាមដាន និង​ថែទាំ​ជាប្រចាំ​ពី​ក្រុមការងារ​។​

​ដោយឡែក​សត្វ​ទោច​មកុដ​ចំនួន​៣​គ្រួសារ ដែល​ក្នុងនោះ​នៅក្បែរ​ប្រាសាទ​តា​ នៃ​មាន​ចំនួន​៥​ក្បាល ទើបតែ​កើត​បានកូន​មួយ​បន្ថែម ដែលមាន​អាយុ​ប្រហែល​៤​សប្ដាហ៍​ហើយ​។ ក្រៅពីនោះ សត្វ​ទោច​មកុដ​ផ្សេងទៀត​ដែល​បាន​ដោះលែង​នាពេល​កន្លងមក គឺ​នៅ​ខ្លោងទ្វារ​ខ្មោច​មាន​ចំនួន​៤​ក្បាល និង​នៅ​ខ្លោងទ្វារ​តា​កាវ​មាន​ចំនួន​២​ក្បាល កំពុង​ផ្សាំ​ក្នុង​ទ្រុង ហើយ​គ្រោង​នឹង​ដោះលែង​នៅ​រដូវវស្សា​ខាង​មុខ​នេះ​។ សរុប​នៅ​ឧទ្យាន​អង្គរ សត្វ​ទោច​មកុដ​ទាំងអស់​មាន​ចំនួន​១១​ក្បាល​។ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ​ក្រុមការងារ​គ្រោង​នឹង​យក​២​ក្បាល​បន្ថែមទៀត​ដាក់​នៅក្បែរ​បឹង​សន្ធ​មារ​(​ខាងជើង​ឆៀង​ខាង​លិច ​ក្នុង​បរិវេណ​តំបន់​អង្គរធំ​) ក្រោយពី​សង់​ទ្រុង​ដែក​សម្រាប់​ផ្សាំ​រួចរាល់​។​

​ចំពោះ​សត្វ​ភេ​ខ្លួន​រលោង ដែល​គម្រោង​បាន​ដោះលែង​ចំនួន​៥​ក្បាល​កន្លងមក ពេលនេះ​កើត​បាន​កូន​ចំនួន​២​បន្ថែម ដែល​កូន​ភេ​ទាំង​២​នោះ​មាន​អាយុ​ប្រហែល​៣​ខែ​ហើយ​។​

​ដើម្បី​ឲ្យ​សត្វព្រៃ​ទាំងអស់នោះ​បន្ត​វត្ត​មាននៅ​ក្នុងព្រៃ​ធម្មជាតិ ​នៃ​ឧទ្យាន​អង្គរ​យើង និង​បង្កើន​ចំនួន​បន្ថែមទៀត អាជ្ញាធរ​ជាតិ​អប្សរា និង​គម្រោង​ដោះលែង​សត្វព្រៃ​ក្នុង​ឧទ្យាន​អង្គរ សូម​អំពាវនាវ​ជូន​សាធារណជន ភ្ញៀវ​ជាតិ អន្តរជាតិ ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​អង្គរ ត្រូវ​ចូលរួម​ថែ​រក្សា​សត្វ​ទាំងនោះ​ទាំងអស់គ្នា ចៀសវាង​ពេល​ប្រទះឃើញ​មានបំណង​មិនល្អ និង​មេត្តា​កុំ​ផ្តល់​ចំណី​ឲ្យ​សត្វ​ទាំងនោះ​៕ ហេង សូរិយា


ចែករំលែក៖