ខេត្តតាកែវ ៖ មន្ត្រីនគរបាលខេត្តតាកែវ បានឲ្យដឹងថា នៅថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៧និង៣០នាទី មានករណីឃាតកម្មមួយកើតឡើងនៅភូមិត្រយឹង ឃុំរាមអណ្តើក ស្រុកគិរីវង់ ដោយ២នាក់ប្តីប្រពន្ធមានទំនាស់ពាក្យសម្តីនឹងគ្នា ហើយប្រពន្ធបានធ្វើសកម្មភាពយកអំបែងកែវចាក់ទៅលើប្តីបណ្តាលឲ្យរបួសធ្ងន់ ហើយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែដោយរបួសធ្ងន់ពេក ក៏បានបាត់បង់ជីវិត ចំណែកឯប្រពន្ធដែលជាជនដៃដល់ ត្រូវនគរបាលចាប់ខ្លួន ។
មន្ត្រីនគរបាលស្រុកគិរីវង់បានឲ្យដឹងថា ករណីឃាតកម្មនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ អ៊ុង ម៉ៅ ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិព្រៃរំដេង ឃុំព្រៃរំដេង ស្រុកគិរីវង់ បានធ្វើសកម្មភាពយកអំបែងកែវចាក់ទៅលើជនរងគ្រោះឈ្មោះ កែវ សេង ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា(ត្រូវជាប្តីប្រពន្ធ) បណ្តាលឱ្យរងរបួសធ្ងន់ និងបានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក គិរីវង់។
មូលហេតុនៃករណីនេះនេះ បណ្តាលមកពីមានទំនាស់ពាក្យសំដី។ ក្រោយកើតហេតុ កម្លាំងជំនាញចុះដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕ ដោយ៖ហេង នរិន្ទ្រ