ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ម្នាក់ត្រូវកាឡេថងដឹកឈើបុកស្លាប់យ៉ាងអាណោចអាធម្ម

ចែករំលែក៖

កំពង់ធំ៖ លោកតាចំណាស់ម្នាក់ត្រូវកាឡេថងបុកពីក្រោយក្នុងទិសដៅស្របគ្នា បណ្ដាលអោយដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង ១០ និង៣០នាទី ថ្ងៃទី០១ ខែ ឧសភា ឆ្នាំ២០២០ ត្រង់ចំនុចកែងទឹកស្អាត ក្នុងភូមិ អូរត្នោត ឃុំ ងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

  តាមការរៀបរាប់របស់កូន ជនរងគ្រោះ បានអោយដឹងថា ឪពុករបស់ខ្លួនត្រូវកាឡេថង បុកពីក្រោយខណះពេលគាត់ជិះកង់ទៅបុណ្យ បណ្ដាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ   សពមានឈ្មោះ ចាន់ វ៉ាន អាយុ ៧២ឆ្នាំ រស់នៅក្នុងភូមិ ឃុំខាងលើ ។

 ជនបង្ក ឈ្មោះ លឿន អាយុ ៣០ឆ្នាំ រស់នៅភូមិ ទឹកម្លៀង ឃុំសណ្ដាន ស្រុកសណ្ដាន ខេត្តកំពង់ធំ។

 លោក សិទ្ធិ ថូយ មេឃុំ ងន បានអោយដឹងថា លោកគ្រាន់តែជាអ្នកសម្របសម្រួលរវាងជនបង្កនិងក្រុមគ្រួសារជនរងគ្រោះពីសំណងក្នុងការធ្វើបុណ្យតែប៉ុណ្ណោះក្រោយការសម្របសម្រួលរួច ខាងក្រុមគ្រួសារជនរងគ្រោះព្រមទទួលលុយ ១៧០០ដុល្លា សំរាប់ធ្វើបុណ្យសព  ចំណែករឿងអីផ្សេងៗទៀត លោកមិនបានដឹងទេ។

 លោក អួង ម៉ាលី អធិការស្រុកសណ្ដាន់បានអោយដឹងនៅព្រឹកថ្ងៃទី២ ខែ ឧសភា ឆ្នាំ២០២០នេះថា វត្ថុតាងនិងមនុស្សត្រូវបានដោះលែងវិញហើយទៅតាមបញ្ចារបស់លោក ព្រះរាជអាជ្ញាខេត្តកំពង់ធំ 

លោក ស៊ិន វិរះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានអោយដឹងតាមទូស័ព្ទ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០នេះថា ដោយសារតែភាគីខាងជនបង្កព្រមជូនសំណងដល់ភាគី ជនរងគ្រោះរួចហើយ ទើបជនបង្កនិងវត្ថុតាងត្រូវបានដោះលែងអោយប្រកបរបរវិញ ប៉ុន្ដែរមិនមែនមានន័យថារួចបណ្ដឹងអាជ្ញានោះទេ ពេលតុលាការកោះហៅ ជនបង្កត្រូវតែបង្ហាញខ្លួនគ្រប់ពេល បើមិនដូច្នោះទេនិងត្រូវចាប់ខ្លួន៕ដោយ៖ប៊ុន រិទ្ធី


ចែករំលែក៖