ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ឈ្មួញរកស៊ីពុះដីឡូតិ៍លក់ម្នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួនពាក់ព័ន្ធករណីទិញដីគេមិនឲ្យលុយ និងយកឈ្មោះថ្នាក់ដឹកនាំគំរាមម្ចាស់ដីទៀត

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួនបុរសម្នាក់ ជាឈ្មួញរកស៊ីពុះដីឡូតិ៍លក់ តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ពាក់ព័ន្ធករណីទិញដីគេយកទៅពុះលក់អស់ មិនព្រមឲ្យលុយទៅម្ចាស់ដី ហើយថែមទាំងយកឈ្មោះរបស់ថ្នាក់ដឹកនាំទៅគំរាមកំហែង សម្លុត និងបំភ័យកុំឲ្យភាគីម្ចាស់ដីប្ដឹងខ្លួនទៀតផង។

យោងតាមប្រភពព័ត៌មានពីមន្រ្តី កងរាជអាវុធហត្ថ បានឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ ស្រ៊ុន សភា ភេទប្រុស អាយុ ៤៥ឆ្នាំ និងមានប្រពន្ធឈ្មោះ ឌួង កែវមរកត រស់នៅផ្ទះលេខ៨៦ ផ្លូវលេខ២៧០ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

ប្រភពដដែលបន្តថា កាលពីអំឡុងដើមឆ្នាំ២០១៨ ឈ្មោះ ស្រ៊ុន សភា និងប្រពន្ធឈ្មោះ ឌួង កែវមរកត បានទៅទិញដី និងផ្ទះរបស់ជនរងគ្រោះឈ្មោះ ហ្គីវ ប៊ុនឃាង និងឈ្មោះ អ៊ឹង គឹមយូ ទំហំ ៨.៥ហិកតា មានចំនួន ៥ប័ណ្ណ ក្នុងតម្លៃសរុប ១១,៩០០,០០០ដុល្លារសហរដ្ឋអាមេរិក ដោយព្រមព្រៀងគ្នាបង់ជាបណ្ដាក់ៗ។ បន្ទាប់មកឈ្មោះ ស្រ៊ុន សភា និងប្រពន្ធឈ្មោះ ឌួង កែវមរកត បានបង់លុយទៅម្ចាស់ដីបានចំនួន ៥០ម៉ឺនដុល្លារអាមេរិក ក៏ឈប់បង់ ទើបភាគីម្ចាស់ដីប្ដឹងឲ្យភាគីទិញ បង់បន្តទៀតតាមកិច្ចសន្យា។

ក្រោយមកភាគីអ្នកទិញឈ្មោះ ស្រ៊ុន សភា និងប្រពន្ធឈ្មោះ ឌួង កែវមរកត ក៏ព្រមធ្វើកិច្ចសន្យា បង់ថ្លៃដីបន្តទៀត រហូតបង់បានសរុប ១,៤០០,០០០ដុល្លារ ក៏ឈប់បង់ម្តងទៀត។ ពេលនោះភាគីអ្នកលក់ក៏បានប្ដឹងម្ដងទៀត ទើបភាគីអ្នកទិញព្រមបង់លុយបន្ថែម ចំនួន ១,៣១០,១៥០ដុល្លារអាមេរិក។

ដោយសារតែភាគីអ្នកទិញ ពិបាករឿងលុយកាក់ពេក ភាគីអ្នកលក់ក៏សម្របសម្រួលគ្នាដោយលក់ត្រឹមតែ ៤ប័ណ្ណឲ្យភាគីអ្នកទិញ ហើយក៏ធ្វើកិច្ចសន្យាថ្មី ដោយភាគីអ្នកទិញព្រមប្រគល់ប្រាក់គ្រប់ ចំនួន ១,៦៥០,០០០ដុល្លារអាមេរិក (បន្ថែមលើប្រាក់បង់រួច) នៅពេលភាគីអ្នកលក់រត់ការកាត់ឈ្មោះដី ៤ប័ណ្ណឲ្យខ្លួនជាអ្នកទិញរួចរាល់។

មិនដូចអ្វីដែលបានសន្យា ភាគីអ្នកទិញ ឈ្មោះ ស្រ៊ុន សភា និងឈ្មោះ ឌួង កែវមរកត ពេលបានទទួលប្លង់ដីចំនួន ៤ប័ណ្ណពីអ្នកលក់រួចរាល់ គឺមិនព្រមបង់លុយថ្លៃដីឲ្យអ្នកលក់ទេ និងបានគេចវេសរហូត។

ជាមួយគ្នានោះ ឈ្មោះ ស្រ៊ុន សភា និងឈ្មោះ ឌួង កែវមរកត ថែមទាំងបានយកឈ្មោះ ថ្នាក់ដឹកនាំម្នាក់ទៅគំរាមកំហែង ភាគីអ្នកលក់ឲ្យឈប់ទារលុយថ្លៃដីដែលនៅសល់ថែមទៀតផង។ ប៉ុន្តែបើតាមការបញ្ជាក់របស់សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យបានសារភាពថា ខ្លួនពិតជាយកឈ្មោះថ្នាក់ដឹកនាំទៅប្រើមែន តែថ្នាក់ដឹកនាំមិនបានដឹងទេដោយសារតែអំពើរបស់ជនសង្ស័យ ជារឿងរំលោភបំពានច្បាប់ហួសហេតុពេក ទើបក្រុមជនរងគ្រោះសម្រេចដាក់ពាក្យប្ដឹង ដើម្បីឲ្យតុលាការជួយរកយុត្តិធម៌។

ក្រោយសមត្ថកិច្ចឃាត់ខ្លួន ដើមបណ្ដឹងសូមអំពាវនាវដល់តុលាការ ជួយចាត់ការលើជនសង្ស័យខាងលើនេះតាមច្បាប់ផង ខណៈដែលកំពុងមានការអន្តរាគមន៍ ។

បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ស្រ៊ុន សភា ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។

ពាក់ព័ន្ធករណីនេះអង្គភាព នគរវត្តមិនអាចទាក់ទងបានទេ ពីលោកឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានទេ នៅរសៀលថ្ងៃទី១   ខែឧសភា ឆ្នាំ២០២០ ដោយទូរស័ព្ទក្រៅប្រព័ន្ធសេវា។

ក្នុងរឿងនេះឮថា មានអ្នករត់ការប្រសេកប្រសាច ដែលដំណឹងអាចយកជាការណ៍បានបញ្ជាក់ថា មានការត្រូវរូវគ្នារួចដោះលែញវិញហើយ៕ដោយ៖ ស តារា


ចែករំលែក៖