ព័ត៌មានទាន់ហេតុការណ៍៖

សិង្ហបុរី បន្តរកឃើញអ្នកឆ្លងCOVID-19 ចំនួន៤៤៧ករណីបន្ថែមទៀត ក្នុងរយះពេល២៤ម៉ោង

ចែករំលែក៖

ប្រទេសសិង្ហបុរី៖ ករណីឆ្លងថ្មីនៃជំងឺ COVID-19 នៅសិង្ហបុរីក្នុងរយះពេលមួយថ្ងៃ រកឃើញចំនួន ៤៤៧ករណីបន្ថែមទៀត កើនឡើងដល់១៧,៥៤៨ករណី នេះបើតាមការអះអាងពីអាជ្ញាធរសុខាភិបាលសិង្ហបុរីនៅរសៀលថ្ងៃសៅរ៍ទី០២ ខែឧសភា ឆ្នាំ២០២០នេះ

តាមការបញ្ជាក់របស់ក្រសួងសុខាភិបាល ដែលសារព័ត៌មាន CNA បានចេញផ្សាយនៅរសៀលថ្ងៃទី២ ខែឧសភា បាននិយាយថា ភាគច្រើននៃករណីឆ្លងថ្មីទាំងនេះ គឺជាពលករកាន់ប័ណ្ណការងាររយៈពេលវែង ដែលកំពុងរស់នៅក្នុងអន្តេវាសិកដ្ឋានមួយកន្លែង ក្នុងប្រទេសមួយនេះ។ពោលមានតែ០៤ករណីប៉ុណ្ណោះ ដែលជាប្រជាជនសិង្ហបុរីផ្ទាល់ ឬក៏ជាអ្នកស្នាក់នៅអចិន្ត្រៃយ៍។ ចំណែកឯអ្នកស្លាប់ដោយសារ COVID-19 មាន ១៦នាក់ និងជាសះស្បើយវិញយ៉ាងតិចជាង ,២០០នាក់។

ដោយឡែកក្រុមការងារអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 របស់ប្រទេសនេះ នៅថ្ងៃសៅរ៍នេះដែរ បានប្រកាសពីការបន្ធូរបន្ថយវិធានការរឹតត្បិត របស់ខ្លួនបន្តិចឡើងវិញ ដោយសេវាកម្ម និងអាជីវកម្មមួយចំនួននឹងត្រូវបានអនុញ្ញាត ឲ្យដំណើរការឡើងវិញ។តួយ៉ាងដូចជាអាជីវកម្មលក់ម្ហូបអាហារតាមផ្ទះ និងហាងលក់រាយជាដើម នឹងអាចដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញ ចាប់ពីថ្ងៃទី១២ខែឧសភាខាងមុខនេះទៅ

ទោះបីជាមានការប្រកាសបន្ធូរបន្ថយវិធានការបន្តិចវិញបែបក្តី រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកហ្គាន់ គីមយ៉ុង (Gan Kim Yong) នៅតែព្រមានថា «ប្រទេសសិង្ហបុរីមិនទាន់ឆ្លងផុតពីគ្រោះថ្នាក់នៅឡើយទេ។ចង្កោមថ្មីៗអាចនឹងកកើតឡើងម្តងទៀត ប្រសិនបើធ្វេសប្រហែសដូច្នេះយើងត្រូវអត់ធ្មត់បន្តទៀត ដើម្បីអាចរក្សាតួលេខ នៃអ្នកឆ្លងថ្មីៗឲ្យនៅទាបបន្ថែមទៀត»៕ដោយ៖ស តារា


ចែករំលែក៖