ភ្នំពេញ៖ មកដល់ម៉ោងនេះ គេមិនទាន់ឃើញក្រុម ប្រឆាំងមួយក្ដាប់តូច ដែលធ្លាប់ស្រែកពីក្រៅប្រទេសនោះចេញ មកជួយយកអាសាប្រជាពលរដ្ឋក្នុងប្រទេស កំពុងជួបវិបត្តិជំងឺកូវីដ១៩ នោះឡើយ ។ ខណៈមហាជនទូទៅនៅមិនភ្លេចទេថា ក្រុមបក្ខ ពួកឥត ប្រយោជន៍ទាំងនោះ តែងតែតាំងខ្លួនជាអ្នកស្នេហា ជាតិ ជួយសង្គ្រោះជាតិ ទាំងប្រទេសមានសុខសន្តិភាព និងកំពុងមានការអភិវឌ្ឍហើយនោះ។
ប្រការនេះជំរុញឱ្យ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបារជាតិ ទប់ចិត្តមិនបានក៏លើកជាសំណេររិះគន់ដោយព្រលះចំៗថា៖”ក្នុងគ្រាសន្តិភាព មានជនមួយក្តាប់តូចតាំងខ្លួនជាអ្នក ស្នេហាជាតិ ចង់សង្គ្រោះប្រទេស តែពេលជាតិមានអាសន្ន ដោយការគំរាមកំហែងពីមេរោគកូវីដ-១៩ ដូចជាមិនឃើញវត្ត មានរបស់ក្រុមមួយក្តាប់តូចនោះឡើយ»។
យុទ្ធជនធ្លាប់ចូលរួមរំដោះប្រទេស និងប្រជាពលរដ្ឋកម្ពុជាពីរបបខ្មៅងងឹតរូបនេះ រិះគន់ទៅដល់ក្រុមមួយក្ដាប់តូចនោះទៀតថាពួកគេតែងតែរត់ចោលជាតិ និងប្រជាជនក្នុងគ្រាលំបាក វេទ នា ទៅសម្ងំយកសុខតែរៀងៗខ្លួន ដូចពាក្យចាស់ពោលថា «ឆ្កែកន្ទុយខ្វៀន នៅតែខ្វៀន» ។ ជាការពិតណាស់ ក្នុងពេលប្រទេសកម្ពុជាជួបនូវវិបត្តិជំងឺកូវីដ ១៩នេះ មានតែសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំ មន្ត្រីរាជការកង កម្លាំងសមត្ថកិច្ចគ្រប់ផ្នែក ព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងប្រទេស និងមួយចំនួននៅក្រៅ ប្រទេសតែប៉ុណ្ណោះ បានរួបរួមសាមគ្គីគ្នាក្នុងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺនេះ ដោយគ្មានមុខក្រុមប្រឆាំងមួយក្ដាប់តូចនោះមកជួយបន្តិចណាឡើយ៕ដោយ៖សុខដុម