ព័ត៌មានទាន់ហេតុការណ៍៖

វិចារណកថា ៖ ការដាក់ប្រទេសក្នុងភាពអាសន្នសិទ្ធិពលរដ្ឋមួយចំនួន នឹងត្រូវបាត់បង់ដោយចៀសមិនរួច

ចែករំលែក៖

ក្រុមអ្នកការពារសិទ្ធិមនុស្ស និងអ្នកធ្វើការលើវិស័យសារព័ត៌មានមួយចំនួនតូច បានរិះគន់រាជរដ្ឋាភិបាលកម្ពុជាថា កំពុងបង្ក្រាបបន្ថែមទៀតលើសេរីភាព នៃការបញ្ចេញមតិ រួមមានការចាប់ខ្លួនអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋដែលបញ្ចេញមតិទាក់ទងនឹងជំងឺកូវីដ-១៩នោះចំពេលដែលកម្ពូជាធ្វើច្បាប់ដាក់ការដាក់ប្រទេសក្នុងភាពអាសន្ន។បើតាមតួលេខរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ដែលវិទ្យុសំឡេងសហរដ្ឋអាមេរិក (វីអូអេ) យកមកផ្សាយកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ចាប់ពីខែមករា ដល់ខែមេសាឆ្នាំ២០២០ សមត្ថកិច្ចបានចាប់ខ្លួនអ្នកដែលបង្ហោះសារលើបណ្ដាញសង្គមពាក់ព័ន្ធ នឹងជំងឺកូវីដ-១៩ ប្រមាណ៣០នាក់ ក្នុងនោះបានដោះលែងវិញចំនួន១៦នាក់។ ចំណែកចំនួន១៤នាក់ទៀត ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួនបណ្ដោះអាសន្នក្នុងពន្ធនាគារ។

ពួកគេព្រួយបារម្ភថានៅពេលច្បាប់ដាក់ប្រទេសចូលជាធរមាននឹងមានមនុស្សច្រើនត្រូវចាប់ខ្លួន ព្រោះតែសិទ្ធិបញ្ចេញមតិកាន់តែរួមតូច។ វាពិតណាស់ថាបើប្រទេសជាតិត្រូវបានប្រកាសដាក់ក្នុងភាពអាសន្នហើយនោះ សិទ្ធិរបស់ពលរដ្ឋមួយចំនួន នឹងត្រូវបាត់បង់ដោយជៀសមិនរួច ហើយវាជារឿងធម្មតា ដែលនៅប្រទេសណា ក៏ដូចប្រទេសណាដែរ នៅលើពិភពលោក ត្រូវតែបែបនេះ។ក្នុងអំឡុងពេលស្ថានភាពដាក់ប្រទសក្នុងគ្រាអាសន្ន អាជ្ញាធរចាំបាច់ត្រូវចាត់វិធានការបន្ថែម ដើម្បីទប់ស្កាត់ការផ្សាយព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ ក្នុងគោលបំណងរក្សាសន្តិសុខជាតិ ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សាធារណៈ។

ច្បាប់ដាក់ប្រទេសក្នុងភាពមានអាសន្នត្រូវបានស្ថាប័ន នីតិប្បញ្ញត្តិអនុម័តដោយរលូន ដោយមិនមានចម្រូងចម្រាសអ្វីទាំងអស់ ហើយបើប្រទេសជាតិត្រូវបានប្រកាសដាក់ក្នុងភាពអាសន្ន សិទ្ធិរបស់ពលរដ្ឋមួយចំនួន នឹងត្រូវបាត់បង់ដោយចៀសមិនរួច ដែលវាជារឿងធម្មតារបស់ប្រទេសនៅលើពិភពលោក ប្រទេសណាក៏ដូចប្រទេសណាដែរ តែងតែអនុវត្តបែបនេះ។ ប្រសិនបើមិនធ្វើអោយប្រទេសស្ថិតក្នុងរបៀបរៀបរយមួយទេ វាប្រាកដជាមានចលាចលសង្គមមិនខានឡើយ។ ដូច្នេះយើងមិនត្រូវទុកអោយស្ថានការណ៍ស្រុកទេសត្រូវគ្របដណ្តប់ឬគ្របគ្រងដោយពត៏មានមិនពិតនោះទេ។

នៅកម្ពុជាមានតែក្រុមប្រឹក្សាធម្មនុញ្ញទេ ដែលមានតួនាទី និងភារកិច្ចបកស្រាយច្បាប់នេះ ក្រៅពីនេះគ្មាននរណាមានតួនាទី និងភារកិច្ចបកស្រាយជាផ្លូវការទេ ហើយបើនិយាយជាបុគ្គល អាចនិយាយបាន តែមិនអាចយកជាការបានទេ ហើយក៏គ្មានប្រសិទ្ធភាពដែរ។នៅលើពិភពលោក ច្បាប់ប្រទេសនិមួយៗមានលក្ខណៈពិសេសដោយឡែកៗពីគ្នា អាស្រ័យលើសភាពការណ៍ជាក់ស្ដែង នៃប្រទេសនិមួយៗ ដែលគេមិនអាចប្រៀបប្រដូចគ្នាបានទេ។

ច្បាប់ដាក់ប្រទេសក្នុងភាពអាសន្ន នៅតាមបណ្តាប្រទេសខ្លះធ្វើច្បាប់ (ដាក់ប្រទេសក្នុងភាពមានអាសន្ន) តែប្រទេសខ្លះ មេដឹកនាំប្រកាសប្រើ វិធានការអាសន្នតែម្ដង ដូចជាបិទប្រទេស បិទទីក្រុង និងដាក់បម្រាមនានាដែលចាំបាច់។

កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ច្បាប់ស្ដីពី “ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន” ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថា ស្របទៅតាមរដ្ឋធម្មនុញ្ញ បន្ទាប់ពីបានបើកកិច្ចប្រជុំមួយ ក្រោមអធិបតីភាព លោកអ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ និងសម្រេចសំណើរបស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលបានសុំឲ្យពិនិត្យធម្មនុញ្ញភាព នៃច្បាប់ ស្តីពីការការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ននេះ ហើយត្រូវបានប្រមុខរដ្ឋស្តីទីចុះហត្ថលេខាប្រកាសឲ្យប្រើកាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២០។

ច្បាប់ ស្ដីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី១០ ខែមេសា នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ ហើយព្រឹទ្ធសភាបានពិនិត្យ និងឲ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ដោយឥតកែប្រែ និងចាត់ទុកថា ជាការប្រញាប់ក្នុងសម័យប្រជុំវិសាមញ្ញ នៃព្រឹទ្ធសភានីតិកាលទី៤ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ស្របនឹងរដ្ឋធម្មនុញ្ញ។សេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មាន៥ជំពូក និង១២មាត្រា ដែលរៀបចំដោយរាជរដ្ឋាភិបាល ដើម្បីដឹកនាំប្រទេសជាតិ ពេលដាក់ឲ្យស្ថិតនៅក្នុងភាពអាសន្ន។

សេចក្ដីព្រាងច្បាប់នេះ នឹងផ្តល់ជាមូលដ្ឋានគតិយុត្តិ ដើម្បីធានាដល់ការអនុវត្តមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញ និងជាមូលដ្ឋានគតិយុត្តិកំណត់សិទ្ធិអំណាចរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវវិធានការចាំបាច់ដែលមិនអាចខ្វះបាន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពរបស់ប្រទេសក្នុងភាពអាសន្ន សំដៅការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពារទ្រព្យសម្បត្តិ និងបរិស្ថាន។

សេចក្ដីព្រាងច្បាប់នេះ ក៏នឹងកំណត់នូវបែបបទ នីតិវិធី និងលក្ខខណ្ឌ នៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ព្រមទាំងវិធានការចាំបាច់នានា ដែលរាជរដ្ឋាភិបាលមានសិទ្ធិដាក់ចេញក្នុងពេលប្រទេសជាតិស្ថិតក្នុង ភាពអាសន្ន។ ការដាក់ប្រទេសជាតិក្នុងភាពអាសន្ន អាចធ្វើឡើងនៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ជាអាទិ៍ គ្រោះថ្នាក់ដែលបង្កឡើងដោយសង្គ្រាម ឬការឈ្លានពានពីកម្លាំងបរទេស គ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈបណ្តាលមកពីការឆ្លងរាលដាល នៃជំងឺ ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលគំរាមកំហែង ឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតទូទាំងប្រទេស៕ ហេង សូរិយា


ចែករំលែក៖