ភ្នំពេញ ៖ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងជាមាតាក្មេករបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលមរណភាពក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ នាវេលាម៉ោង០២:១២ ទៀបភ្លឺ ចូលថ្ងៃចន្ទ ១៣កើតខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ។
ខាងក្រោមនេះ ជាប្រវត្តិរូបសង្ខេបរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ៖
ជីវប្រវត្តិសង្ខេប
អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី
អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី កើតនៅថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំឆ្លូវ ព.ស ២៤៦៨ ត្រូវនឹងថ្ងៃទី0៤ ខែឧសភា ឆ្នាំ១៩២៥ នៅក្នុងគ្រួសារកសិករ នៅភូមិកោះបីពៃ ឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ។
បិតានាម ឱក ប៊ុន មាតានាម ណៃ ហួយ ។ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ជាបុត្រីទី២ ក្នុងចំណោមបងប្អូន ៤នាក់ ក្នុងនោះមានស្រី៣រូប និងប្រុស១រូប ។
កាលពីកុមារ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មិនបានចូលរៀនសូត្រទេ លោកបានចំណាយពេលយុវវ័យ ដើម្បីតែជួយការងារមាតា បិតា នៅក្នុងគ្រួសារក្នុងការប្រកបរបរធ្វើចំការ ។
អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា បានរៀបអាពាហ៍ពិពាហ៍ជាមួយ ឧបាសក លីន គ្រី នៅឆ្នាំ១៩៤៣ នៅក្នុងឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ។ ពីចំណងអាពាហ៍ពិពាហ៍នោះ អ្នក ឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា មានបុត្រា បុត្រី ចំនួន ៥រូប ។
១- ឈ្មោះ ប៊ុន សាមលេន ស្រី
២- ឈ្មោះ គ្រី ទូច ប្រុស
៣- ឈ្មោះ គ្រី សុខហាក់ ប្រុស ស្លាប់នៅក្នុងរបបប៉ុលពត
៤- សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី
៥- ឈ្មោះ ប៊ុន សុថា ស្រី
អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និង ឧបាសក លីន គ្រី មានមុខរបរជាកសិករ ក្នុងការចិញ្ចឹមបុត្រា បុត្រីទាំង៥នាក់ ទោះមានភ្លៀងផ្គរ ក្តៅ ត្រជាក់ យ៉ាងណាក៏អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ខិតខំប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត ដោយសុចរិត យុត្តិធម៌ និងលះបង់សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីឱ្យកូនទាំង៥ នាក់ បានរៀនសូត្រចេះដឹង និងមានមុខរបរសមរម្យគ្រប់ៗគ្នា ។ នៅក្នុងឆ្នាំ១៩៧០ ដល់ ១៩៧៥ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា និងគ្រួសារបន្តប្រកបមុខរបរនៅក្នុងស្រុកកំណើត កាលនោះជាតំបន់រំដោះ ។ ពីឆ្នាំ១៩៧៥ ដល់ ១៩៧៩ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា និងគ្រួសារត្រូវបានរបបប្រល័យពូជសាសន៍ បង្ខំឱ្យធ្វើការជាទម្ងន់ ដូចជាប្រជាជនទូទៅ នៅក្នុងប្រទេសទាំងមូលដែរ ។ ប៉ុន្តែប្រការដែលគួរកត់សម្គាល់ និងសោកស្តាយនោះគឺ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា បានបាត់បង់ស្វាមី នៅដើមឆ្នាំ១៩៨០ ដោយក្រុមប៉ុលពតសម្លាប់នៅលើផ្ទះ នៅក្នុងភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
ក្រោយពីបាត់បង់ស្វាមីជាទីស្រឡាញ់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា បាននាំក្រុមគ្រួសារមករស់នៅទីក្រុងភ្នំពេញ តាំងពីឆ្នាំ១៩៨០ រហូតដល់សព្វថ្ងៃ ។
នៅក្នុងជីវិតរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា បានបន្សល់ទុកនូវស្នាដៃ ខាងសាសនា និងសង្គមជាច្រើនជាអាទិ៍មាន៖
-កសាងដំបូលព្រះវិហារ ឡុមភីនីវ័ននគរកសិនវា រាជធានី ព្រះសាលវ័ន ប្រទេសនេប៉ាល់ ចំនួនទឹកប្រាក់ ១៨០.០០០ដុល្លារ
– វត្តព្រែកចាឡាក់ កសាងសាលាឆាន់ ១ ខ្នង ក្នុងឃុំព្រែកចាឡាក់ ស្រុកឆ្លូង ខេត្តក្រចេះ អស់ទឹកប្រាក់ចំនួន ១៣០.០០០ដុល្លារ
– វត្តរលាំងកំពូល កសាងសាលាឆាន់ ១ ខ្នង អស់ទឹកប្រាក់ ៣៨០.០០០ដុល្លារ
– កុដិ ១ ខ្នង អស់ទឹកប្រាក់ ៤៥.០០០ដុល្លារ
– កសាងព្រះពុទ្ធរូប ៥ អង្គ អស់ទឹកប្រាក់ ៣០.០០០ដុល្លារ
–វត្តពោធិសាល ក្នុងឃុំប៉ឺស ២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កសាងសាលាឆាន់ អស់ទឹកប្រាក់ចំនួន ៧៣.០០០ដុល្លារ ។
– កសាងព្រះវិហារឃុំគោកព្រិក ស្រុកគីរីវង្ស ខេត្តតាកែវ អស់ទឹកប្រាក់ចំនួន ២៩៥.២០០ដុល្លារ ។
–វត្តអម្ពវ័ន កសាងព្រះវិហារ ឃុំជំនីក អស់ទឹកប្រាក់ចំនួន ១៩០.៧០០ដុល្លារ កសាងសាលាឆាន់ អស់ទឹកប្រាក់ចំនួន ១២៧.០០០ដុល្លារ កសាងដំបូលព្រះពុទ្ធ អស់ទឹកប្រាក់ ៥០.០០០ដុល្លារ ។
–វត្តហ្លួង ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កសាងសាលាឆាន់ព្រះវិហារ អស់ទឹកប្រាក់ ចំនួន១៦២.០០០ដុល្លារ។
– វត្តឈូក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កសាងព្រះវិហារអស់ទឹកប្រាក់ចំនួន ៥០.០០០ ដុល្លារ ។
– វត្តចំពុះក្អែក ហៅវត្តមុនីសុវណ្ណ កសាងមហាកុដិ កុដិ សាលាពុទ្ធិកៈ បឋមសិក្សា អស់ទឹកប្រាក់ ចំនួន ២២៥.០០០ ដុល្លារ ។
– វត្តលង្កា កសាងមហាកុដិ កុដិ អស់ទឹកប្រាក់ចំនួន ៣៨៨.៩១២ ដុល្លារ ។
–វត្តបុទុមវត្តី កសាងមហាកុដិ សាលាធម្មសភា កុដិ អស់ទឹកប្រាក់ចំនួន ៥៣០.០០០ដុល្លារ។
–វត្តច័ន្ទបុរីវង្ស កសាងព្រះវិហារ សាលាធម្មវិន័យ សាលាហោត្រ័យ អស់ទឹកប្រាក់ចំនួន ៤០៧.០០០ ដុល្លារ ។
– វត្តមុនីប្រសិទ្ធិវង្ស កសាងសាលាធម្មសភា អស់ទឹកប្រាក់ ៣១៥.០០០ ដុល្លារ ។
– កសាងប្រាសាទព្រះគោ ព្រះកែវ ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ អស់ទឹកប្រាក់ចំនួន៣៥០.០០០ដុល្លារ ។
–សាលារៀន វត្តអារាម សាលាឆាន់ កុដិ ម៉ាស៊ីនភ្លើង អណ្តូងទឹក ស្រះទឹក និងការឧបត្ថម្ភផ្សេងៗ ទៀតដែលមិនបានរៀបរាប់អស់។
ដោយសារស្នាដៃដ៏ធំធេងក្នុងវិស័យសាសនា និងសង្គម អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ទទួលបាននូវគ្រឿងឥស្សរិយយស ជាតូបការ ព្រមទាំងគ្រឿងឥស្សរិយយសថ្នាក់ ខ្ពស់របស់ជាតិ ជាច្រើនគ្រឿងទៀត។
នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ព្រះកុរណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទាន គោរមងារមហាឧបាសិកា ប៊ុន ស៊ាងលី ជាអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។
អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មានសុខភាពល្អរឹងមាំ ទោះបី មានព្រះជន្ម៩៥ឆ្នាំហើយក៏ដោយ។
ទើបតែមកដល់ថ្ងៃព្រហស្បតិ៍១០រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្រាប់តែមានជំងឺធ្ងន់ តម្រូវឱ្យអញ្ជើញចូលព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ នៅវេលាម៉ោង១៧:០០។
បន្ទាប់ពីសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាង លី បានធូរស្បើយ និងបានមកព្យាបាលបន្តនៅគេហដ្ឋាន ចាប់ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។
នៅមន្ទីរពេទ្យក៏ដូចជានៅគេហដ្ឋាន លោកគ្រូពេទ្យ វេជ្ជបណ្ឌិតជំនាញៗជាច្រើនរូប បានប្រឹងប្រែងយកចិត្តទុកដាក់ និងបានប្រើប្រាស់ឱសថជាច្រើនមុខ ដើម្បីព្យាបាលជំងឺជរាពាធ របស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ឥតមានធ្វេសប្រហែសមួយវិនាទីណាសោះឡើយ។
ប៉ុន្តែទោះបីលោកគ្រូពេទ្យ វេជ្ជបណ្ឌិត គ្រប់ផ្នែក គ្រប់ជំនាញ បានខិតខំប្រឹងប្រែងបំពេញភារកិច្ចតាមមុខជំនាញយ៉ាងណាក៏មិនអាចស្រោចស្រង់ជីវិតអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ឱ្យរួចផុតពីមច្ចុរាជបានឡើយ។ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា បានលាចាកលោកនេះទៅនៅវេលាម៉ោង០២:១២ ទៀបភ្លឺ ចូលថ្ងៃចន្ទ១៣កើតខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ នៅចំពោះមុខសេចក្តីទុក្ខសោកសង្វេគ ស្តាយស្រណោះ ក្រៀមក្រំ ធ្ងន់ធ្ងរជាទីបំផុត។
ការទទួលអនិច្ចកម្មរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជាការបាត់បង់មួយដ៏ធំធេងនូវ មាតា ជីដូន ជីដូនទួត ដែលមានព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់បំផុតចំពោះកូនចៅ ៕ហេង សូរិយា