ព័ត៌មានទាន់ហេតុការណ៍៖

លោក គឹម សន្ដិភាព មន្ត្រីអនុវត្តន៍​ច្បាប់នឹងទទួល​ខុសត្រូវ​ចំពោះមុខច្បាប់ បើធ្វើសកម្មភាពបំពានច្បាប់

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីមហាជនមួយចំនួន បានរិះគន់មន្ដ្រីនគរបាលចរាចរណ៍នៅពេលអនុវត្តន៍ច្បាប់ តែង​តែបំពានសិទ្ធិប្រជាពលរដ្ឋ ហើយពេលខ្លះក៏ ធ្វើលើសពីអ្វីដែលច្បាប់អនុញ្ញាត​ផងនោះ ។ លោក គឹម សន្ដិភាពរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្ដិធម៌ បានបញ្ជាក់ថាមន្ត្រីអនុវត្តន៍ច្បាប់នឹងទទួលខុសត្រូវចំពោះមុខច្បាប់នូវសកម្មភាពបំពានច្បាប់ក្នុង​ពេល ​បំពេញមុខងាររបស់ខ្លួន ។

យោងតាមប្រភពព័ត៍មានលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោកគឹម សន្ដិភាព បានសរសេរកាលពីថ្ងៃទី០៤ ខែឧសភាឆ្នាំ២០២០ថា “មន្ត្រីអនុវត្តន៍​ច្បាប់នឹងទទួល​ខុសត្រូវ​ចំពោះមុខច្បាប់ផងដែរនូវសកម្មភាពបំពានច្បាប់ក្នុងពេលបំពេញមុខងាររបស់ខ្លួន យោងតាមមាត្រា៧៤ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក”។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា យោងតាម​មាត្រា៧៤ បានលើកឡើងថាមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោកណា ដែលនៅក្នុងក្រប ខ័ណ្ឌ​មុខងារ ឬក្នុងឱកាសបំពេញមុខងាររបស់ខ្លួន ដែលបានដកហូតយកប័ណ្ណបើកបរ ផ្លាកលេខ ប័ណ្ណសម្គាល់យានជំនិះ ឬឃាត់ទុកយានជំនិះដោយបំពានច្បាប់ ត្រូវផ្ដន្ទាទោស​ដាក់ពន្ធនាគារពី០៦ថ្ងៃទៅ១ខែ និងពិន័យជាប្រាក់ពី១០០,០០០រៀល ទៅ៨០០,០០០​រៀល។ ក្នុងករណីដែលមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក ធ្វើឱ្យមានការខូចខាត ឬបាត់​បង់ផ្នែកណាមួយនៃយានជំនិះដែលបានឃាត់ទុក អង្គភាពសាមីត្រូវទទួលខុសត្រូវក្នុង ការសង​ការខូចខាត ឬបាត់បង់នោះ។

គួររម្លឹកថា ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យតាម​អនុ​ក្រឹត្យ លេខ៣៩ ដែលសមត្ថកិច្ចទូទាំងប្រទេស ចាប់ផ្ដើមអនុវត្តន៍ ចាប់ពីថ្ងៃទី០១ ខែ​ឧសភា ឆ្នាំ ២០២០នេះតទៅ ក្នុងគោលបំណងកាត់បន្ថយគ្រោះចរាចរណ៍ ជាពិសេស ឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ផងដែរ។

ជាមួយគ្នានេះ កាលពីពេល​កន្លង​មក​ សម្ដេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បាន​ថ្លែង​ថា “សមត្ថកិច្ចនឹងមិនឃាត់ដំណើរបងប្អូនជនរួមជាតិ ដែលធ្វើដំណើរប្រកប ដោយការ​គោរព​ច្បាប់ដើម្បីសួរនាំរកឯកសារនោះទេ។ បងប្អូនអ្នកត្រឹមត្រូវ គឺអាចធ្វើដំណើរ បាន​ដោយ​រលូន លើកលែងតែបានធ្វើដំណើរដោយបំពានច្បាប់ ត្រង់ចំណុចណាមួយ ដូចជា មិនពាក់​មួកសុវត្ថិភាព ឬបំពានភ្លើងសញ្ញា ជាដើម ទើបសមត្ថកិច្ចឃាត់មិនឱ្យធ្វើដំណើរ ហើយចាប់​ផ្ដើមសួរនាំរកឯកសារ”។

សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថា វិធានការរឹត​បន្តឹងច្បាប់​ចរាចរណ៍ផ្លូវគោកនេះ គឺដាក់ចេញ ដើម្បីឆ្លើយតប នឹងភាពអាសន្ន នៃគ្រោះ​ថ្នាក់ចរាចរណ៍​ដែលមានកំណើនយ៉ាងគំហុក កាលពីឆ្នាំកន្លងទៅ បានបណ្ដាលឱ្យមាន អ្នកស្លាប់ របួស ពិការ បង្កឱ្យមានកុមារកំព្រា និងការវិនាសព្រាត់ប្រាស់ក្នុងគ្រួសារ ទាំង​នៅ​ក្នុងស្ថាន​ភាព​ដែលប្រទេសជាតិ បានចាកផុតពីភ្លើងសង្គ្រាម ហើយមានសន្តិភាព និង​ការអភិវឌ្ឍទៅ​ហើយនោះ៕ ដោយ៖សតារា


ចែករំលែក៖