ឥណ្ឌូណេស៊ី៖ ស្របពេលដែលអ្នកឆ្លងមានចំនួនលើសពី៣,៥លានករណីនិងស្លាប់ច្រើនជាង២៥ម៉ឺននាក់ ហើយថ្នាំព្យាបាលរកមិនទាន់ឃើញនោះ ។លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី នៅថ្ងៃទី៤ ខែឧសភា បានអំពាវនាវឲ្យមានសមភាពក្នុងការទទួលបានថ្នាំព្យាបាលជំងឺ COVID-19 សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។
លោកប្រធានាធិបតី ចូកូ វីដូដូ បានបញ្ជាក់នៅថ្ងៃទី៤ ខែឧសភាឆ្នាំ២០២០ថា «យើងត្រូវតែប្រយុទ្ធ ដើម្បីការទទួលបានថ្នាំព្យាបាលជំងឺCOVID-19 និងវ៉ាក់សាំង ដែលមានតម្លៃសមរម្យ ទាន់ពេលវេលា និងដោយស្មើភាព»។ លោកបន្ថែមទៀតថា ការកាត់បន្ថយបំណុល និងកាតព្វកិច្ចសងបំណុលរបស់ប្រទេសកំពុងអភិវឌ្ឍ ត្រូវបង្វែរជាជំនួយហិរញ្ញវត្ថុក្នុងការទប់ទល់ជំងឺ COVID-19 ។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ការថ្លែងខាងលើនេះធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍ បន្ទាប់ពីលោកប្រធានាធិបតី វីដូដូ បានចូលរួមកិច្ចប្រជុំពីចម្ងាយជាមួយប្រមុខរដ្ឋាភិបាលចំនួន៣៩ ដែលជាសមាជិកចលនាមិនចូលបក្សសម្ព័ន្ធ។
ចំណែកឯអ្នកស្រី Retno Marsudi ប្រមុខការបរទេសឥណ្ឌូណេស៊ីនិយាយថា បណ្តាប្រទេសមិនចូលបក្សសម្ព័ន្ធ នឹងបង្កើតក្រុមការងារមួយដើម្បីរៀបចំបញ្ជីតម្រូវការចាំបាច់ផ្នែកវេជ្ជសាស្ត្រ និងមនុស្សធម៌ របស់ប្រទេសសមាជិកនីមួយៗ រួចបញ្ជូនទៅប្រទេសអ្នកផ្តល់ជំនួយនិងអង្គការអន្តរជាតិ។ គិតត្រឹមថ្ងៃទី៥ ខែឧសភានេះ ឥណ្ឌូណេស៊ី មានករណីឆ្លងចំនួន១១,៥៨៧ ករណី និងស្លាប់ចំនួន ៨៦៤នាក់។
ជុំវិញការទទួលបានថ្នាំព្យាបាល និងវ៉ាក់សាំងជំងឺ COVID-19 នេះដែរលោក Tedros Adhanom Ghebreyesus ប្រមុខអង្គការសុខភាពពិភពលោក (WHO) បានដាក់និយាយថា WHO ប្តេជ្ញាក្នុងការធានា ថាថ្នាំនិងវ៉ាក់សាំងដែលអភិវឌ្ឍបាន នឹងត្រូវចែកចាយដោយសមធម៌ទៅកាន់ប្រទេស និងប្រជាជនទាំងអស់។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែមេសា មេដឹកនាំពិភពលោក បានសន្យាផ្តល់ទឹកប្រាក់ចំនួន៨ពាន់លានដុល្លារ ក្នុងការប្រយុទ្ធនឹងជំងឺCOVID-19 ក៏ដូចជាការអភិវឌ្ឍន៍វ៉ាក់សាំងផងដែរ។ នេះយោងតាមសេចក្តីប្រកាសរបស់លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប៕ដោយ៖សតារា