ព័ត៌មានទាន់ហេតុការណ៍៖

បើកបរមិនប្រុងប្រយ័ត្ន ធ្វើឲ្យទៅបុកនឹងសត្វក្របី ស្លាប់ម្នាក់របួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ និងយុវជន២នាក់ទៀត បានរងរបួសធ្ងន់ ខណៈជិះម៉ូតូលឿនទៅបុកនឹងសត្វក្របី ដែលកំពុងដើរឆ្លងផ្លូវពេលយប់ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១២០ ស្ថិតនៅលើដងផ្លូវជាតិលេខ៩ ចំណុចអូរផ្អៀង ក្នុងភូមិថាឡា ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះបានស្លាប់មានឈ្មោះ ធារ៉ា ភេទប្រុស អាយុប្រហែល២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងជនរងគ្រោះ២នាក់ទៀត ជាអ្នករួមដំណើរមាន១.ឈ្មោះ អឿន សុខា ភេទប្រុស អាយុ១៨ឆ្នាំ រងបួសធ្ងន់ ២.ឈ្មោះ ឌាំង ភេទប្រុស អាយុ១៨ឆ្នាំ រងរបួសធ្ងន់ អ្នកទាំង៣ រស់នៅភូមិចំការលើឃុំចំការលើ ស្រុកថាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះទាំង៣នាក់ បានជិះម៉ូតូម៉ាកវ៉េវ ពណ៍ខៀវ គ្មានស្លាកលេខ គ្មានពាក់មួកសុវត្ថិភាព ក្នុងទិសដៅពីជើងទៅត្បូង បើកបរក្នុងល្បឿនលឿន បានទៅបុកនឹងសត្វក្របីពេញទំហឹង ដែលកំពុងដើរឆ្លងផ្លូវ ទើបបណ្តាលអោយយុវជនជាតៃកុង ម្នាក់បានស្លាប់ភា្លមៗ នៅនឹងកន្លែងកើតហេតុ និងយុវជន២នាក់ទៀត រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យបង្អែកខេត្តស្ទឹងត្រែង រីឯសត្វក្របីក៏បានរងបួសធ្ងន់ដូចគ្នាផងដែរ។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា៕ ដោយ!មាស សុផាត


ចែករំលែក៖