ភ្នំពេញ៖ ជនសង្ស័យ៣នាក់ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីពួកគេព្រួតគ្នាវាយកាប់ចាក់ទៅលើគូបដិបក្ខបណ្តាលអោយរបួសធ្ងន់ ម្នាក់កំពុងស្ថិតនៅក្នុងមន្ទីរសង្គ្រោះបន្ទាន់ ដោយសារគំនុំទាស់ពាក្យសំដីគ្នា ស្ថិតតាមផ្លូវបេតុង ភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា កាលពីយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០។ ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ធ្វើឡើងនៅថ្ងៃទី៤ឧសភា២០២០ យកមកសាកសួរ ខណៈម្នាក់ទៀតកំពុងតែរត់គេចខ្លួននៅឡេីយ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានទី១ឈ្មោះ ខៀវ សុភា អាយុ២៦ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ រថយន្ត។ ទី២ ឈមោះខៀវ គីនី អាយុ២៥ឆ្នាំ មុខរបរជាងរថយន្ត។ ទី៣ឈ្មោះ ចេប សុជាតិ អាយុ៣៦ឆ្នាំ ដោយឡែកម្នាក់ទៀតកំពុងគេចខ្លួនមានឈ្មោះសុង ឈៀងឡុង ហៅក្នុយ ពួកគេដែលជាជនសង្ស័យទាំង៤នាក់ខាងលេីនេះ មានទីលំនៅភូមិចុងកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ចំណែកជនងគ្រោះដែលរងរបួសធ្ងន់មានឈ្មោះ សេត បូរ៉េត អាយុ៣៥ឆ្នាំ មានទីលំនៅភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា ។ ទី២ឈ្មោះ សេត បូរី និងម្នាក់ទៀតឈ្មោះ ពេជ្រ កក់។
ប្រភពព័ត៌មានអោយដឹងថា មុនកេីតហេតុស្ថិតក្នុងម៉ោង៩និង២១នាទីយប់ ថ្ងៃទី៣ឧសភា២០២០ ជនសង្ស័យ២នាក់បងប្អូនបាននាំគ្នាជិះម៉ូតូចេញពីកន្លែងផឹកស៊ីនៅម្តុំរង្វង់មូលនាងមច្ឆា ស្ថិតនៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ លុះមកដល់កំពង់ចម្លងព្រែកលៀប កោះដាច់ ជនសង្ស័យឈ្មោះខៀវ សុភា ក៏បានទាស់សម្តីជាមួយឈ្មោះពេជ្រ កក់ ហេីយជនសង្ស័យក៏បានទូរស័ព្ទទៅហៅជនសង្ស័យ២នាក់ទៀត មានឈ្មោះ ចេប សុជាតិ និងឈ្មោះសេង ឈាងឡុង ហៅក្នុយ អោយមកចាំនៅកំពង់ចម្លងព្រែកលាប ចំនែកភាគីម្ខាងទៀតឈ្មោះពេជ្រកក់ក៏បានទូរស័ព្ទហៅជនរងគ្រោះអោយមកជួយខ្លួនបន្ទាប់ពីជនសង្ស័យទាំង៤នាក់ជិះម៉ូតូទៅស្កាត់ផ្លូវជនរងគ្រោះ បន្ទាប់មកជនសង្ស័យឈ្មោះ ខៀវ សុភា ក៏បានទាញកាំបិតប៉័ងតោកាប់ទៅលេីឈ្មោះសេត បូរ៉េត និង សេត បូរី បណ្តាលអោយរងរបួសធ្ងន់ ហេីយជនសង្ស័យក៏បានរត់គេចខ្លួន ដោយឡែកជនរងគ្រោះត្រូវបងប្អូនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ លុះមកដល់ថ្ងៃទី៤ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ឯម្នាក់ទៀតរត់គេចខ្លួន។
យោងតាមចម្លេីយសារភាពរបស់ជនសង្ស័យទាំង៣នាក់ សមត្ថកិច្ចសន្និដ្ឋានថា ពិតជាបានប្រព្រឹត្តប៉ុនប៉ងឃាតកម្មពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ហើយឮព័ត៌មានថា មានគេកំពុងរត់ការដោះលែងដោយសម្របសម្រួលជាមួយជនរងគ្រោះ ក្រៅប្រពន្ធ័តុលាការ ចំណែកសមត្ថកិច្ចបានព្យាយាមលាក់រឿងនេះផងដែរ ៕ ជ្រោយពេជ្រ