អន្តរជាតិ៖ ក្នុងអំឡុងពេលមានវិបត្តិវីរុសឆ្លងជាសកល នៃជំងឺCOVID-19 មនុស្សនៅទូទាំងពិភពលោកកំពុងសំងំនៅតែផ្ទះ ដោយចំណាយពេលវេលាក្នុងការលេងបណ្ដាញសង្គមច្រើនក៏ដោយ ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយចំនួនអ្នកប្រើប្រាស់ច្រើនមិនមែនមានន័យថាFacebook ឬបណ្ដាញសង្គមដូចជា Twitter និង Snap កំពុងបង្កើនចំណូលរបស់ខ្លួននោះទេ។
កាលពីពេលថ្មីៗនេះ Facebook បានប្រកាសពីស្ថិតិអ្នកប្រើប្រាស់របស់ខ្លួនចាប់តាំងពីវីរុស COVID-19 បានវាយប្រហារ ដោយនិយាយថាមានអ្នកប្រើប្រាស់យ៉ាងហោចណាស់ ៣ ពាន់លានគណនី កំពុងប្រើប្រាស់ Facebook, Instagram, Messenger ឬ WhatsApp ។ វាជាការកើនឡើង ១១% បើធៀបនឹងពេលវេលាដូចគ្នានឹងឆ្នាំកន្លងទៅ និងជាការកើនឡើងខ្ពស់បំផុតសម្រាប់ក្រុមហ៊ុននេះ។ ប៉ុន្តែបើនិយាយថាតើ Facebook បានកើនចំណូលឬអត់? ពិតណាស់គឺមិនបានកើនឡើងនោះទេ។
សូមជម្រាបថា ក្នុងត្រីមាសដំបូង Facebook កើនចំណូល ១៨% បានហួសពីការរំពឹងទុក ប៉ុន្តែមេក្រុមហ៊ុននេះបាននិយាយថា វាមានការធ្លាក់ចុះខាងសេដ្ឋកិច្ចយ៉ាងខ្លាំង។ ទោះជាប៉ុន្មានរយៈដែលមានការបិទទ្វារនេះ មានការកើនឡើងចំនួនអ្នកលេងក៏ដោយ ប៉ុន្តែពួកគេមិនសូវទទួលបានចំណូលពីផ្សាយពាណិជ្ជកម្មនោះទេ ជាពិសេសគឺក្នុងខែមេសាតែម្ដង។ ភាគច្រើននៃអ្នកជាវការផ្សាយពាណិជ្ជកម្ម គឺបានផ្អាកទៅតាមការបិទទ្វារសេដ្ឋកិច្ចទាំងនោះ។
លោក Mark Zuckerberg ក៏ទទួលស្គាលពីភាពមិនច្បាស់លាស់ក្នុងអំឡុងពេលនេះដែរ ប៉ុន្តែបញ្ហានេះមិនមានតែ Facebook នោះទេពោលគឺ Twitter, Google និងស្ទើរតែគ្រប់ក្រុមហ៊ុនផ្សេងទៀតដែលប្រភពចំណូលសំខាន់មកពីការផ្សាយពាណិជ្ជកម្មឌីជីថល កំពុងប្រឈមមុខនឹងសម្ពាធដូចគ្នាទាំងអស់៕ដោយ៖ស តារា