ភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និង សុវត្ថិភាពដល់សង្គម នៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងមូលដ្ឋានខណ្ឌ៧មករា ចុះបង្ក្រាបទីតាំងលក់ទឹកជែលលាងដៃ នៅទីតាំងយីហោ មជ្ឈមណ្ឌល វ៉ាណេស្សា ឯកទេស សុខភាព និងសម្រស់ ដោយមានការលាក់បាំង ហាមអ្នកសារព័ត៍មានផ្តិតយករូបផងដែរ ដោយពុំដឹងថា ទីតាំងនោះមានច្បាប់អាជីវកម្មត្រឹមត្រូវឬយ៉ាងណា។
ប្រត្ដិបត្ដការនេះធ្វើឡើង នាល្ងាចថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ ២០២០ ដឹកនាំដោយលោក វរសេនីយ៍ឯក ហ៊ុយ សុងហាក់ អនុប្រធានលេខាធិការដ្ឋាន នៃ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និង សុវត្ថិភាពដល់សង្គម ដោយលោក ឆាយ ហុង ព្រះរាជអាជ្ញារង ចុះបង្រ្កាបទីតាំងស្ថិតនៅ ចំណុចផ្ទះលេខ២៩៥ តាមបណ្ដោយមហាវិថីកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានបញ្ជក់ថាក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលនៃ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និង សុវត្ថិភាពដល់សង្គម មានការលាក់បាំងយ៉ាងខ្លាំងចំពោះករណីនេះ ដោយពុំដឹងថា ទីតាំងខាងលើនេះមានឬគ្មានច្បាប់ធ្វើអាជីវកម្ម និង បណ្ណប៉ាតង់ នោះទេ ដោយមានស្លាកយីហោទីតាំងត្រឹមត្រូវរបស់ម្ចាស់ហាង។
ក្នុងការចុះត្រួតពិនិត្យនេះដោយជាក់ស្ដែងឃើញនគរបាលបានដកហូតសម្ភារៈដូចជា ទឹកជែលលាងដៃជាច្រើនកេស ។
ក្រោយប្រតិបត្តិការ ចំពោះម្ចាស់ទីតាំងត្រូវបាននគរបាលនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និង សុវត្ថិភាពដល់សង្គម បាននាំខ្លួនស្រ្តី២នាក់ ចេញពីទីតាំងភ្លាមៗ៕
ដោយ៖អឿន ភារ៉ា