ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានបញ្ជាក់ថា ” ពិធីបុណ្យហាជ្ជរបស់សាសនិកអ៊ិស្លាមទូទាំងពិភពលោកសម្រាប់ឆ្នាំ ២០២០ ដែលនឹងត្រូវធ្វើឡើងនៅអារ៉ាប៊ីសាអ៊ូឌីត អំឡុងប្រមាណ ៣ខែក្រោយនេះ មកដល់ ពេលនេះ នៅពុំទាន់ប្រាកដថា តើអាចនឹងត្រូវបានប្រកាសបើកឱ្យប្រារព្ធពិធីមួយនេះដូចរាល់ឆ្នាំកន្លងមក ឬក៏ផ្អាកតែម្តងនោះទេ ដោយសារស្ថានភាពជំងឺកូវីដ-១៩ នៅជុំវិញពិភពលោក មិនថមថយ ហើយពិភពលោកកំពុងរង់ចាំសេចក្តីប្រកាសជាផ្លូវការសាជាថ្មីរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត ស្តីពីវិធានការថ្មីលើករណីនេះ ដែលគ្រោងនឹងប្រកាសក្រោយបញ្ចប់ខែរ៉ាម៉ាឌននេះ”។
លោក ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានលើកឡើងបែបនេះ កាលពី រសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ក្នុងឱកាសដែលលោកបានអញ្ជើញពាំនាំយកអំណោយអាហារបួសរ៉ាម៉ាឌន របស់រាជរដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត តាមរយៈក្រុមប្រឹក្សាអ៊ិស្លាមអារ៉ាប៊ីសាអ៊ូឌីតប្រចាំទីក្រុងបាងកក ដែលមានតំណាងរបស់ខ្លួននៅកម្ពុជាផងដែរនោះ ដោយធ្វើការផ្តល់ជូនអ៊ិស្លាមសាសនិកនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញចំនួន ១៣០គ្រួសារ និង ១២៥គ្រួសារ នៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ អំណោយដែលពាំនាំមកផ្តល់ជូនក្នុង១គ្រួសារ ទទួលបាន អង្ករ១០គ.ក្រ ស្ករស ២គ.ក្រ ត្រីខ ប្រេងឆាទឹកដោះគោនិងភេសជ្ជៈ។ លោក ទេសរដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើដល់បណ្តាក្រុមហ៊ុន ភ្នាក់ងារដឹកនាំក្រុមហាជ្ជក្នុងប្រទេស ត្រូវមានការទទួលខុសត្រូវខ្ពស់ និងសម្របសម្រួលឱ្យបានសមហេតុផល ជាមួយ នឹងបងប្អូនដែលបានចុះឈ្មោះបង់ប្រាក់រួច ប្រសិនបើមានករណីប្រែប្រួលយ៉ាងណានោះ ថាតើត្រូវបង្វិលថវិកាទាំងនោះជូនប្រជាពលរដ្ឋវិញ ឬយ៉ាងណាអាស្រ័យលើការស្ម័គ្រចិត្តរបស់បងប្អូនយើង ក៏ដូចជាការផ្តល់ទំនុកចិត្តរបស់ពួកគាត់ទៅ កាន់ក្រុមហ៊ុននោះ ចៀសវាងកុំឱ្យមានបាតុភាពផ្សេងៗ។
លោក ទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត ក៏ដូចស្ថានឯកអគ្គរាជទូតប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅក្រុងហាណូយ ប្រទេសវៀតណាម និងក្រុមប្រឹក្សាអ៊ិស្លាមប្រចាំក្រុងបាងកក ដែលជួយផ្តល់ជាអំណោយសម្រាប់ដោះស្រាយ ក្នុងពិធីបួសរ៉ាម៉ាឌននៅកម្ពុជា ទាំងនៅទីតាំងទាំង២ខាងលើ និងនៅតាមបណ្តាខេត្តមួយចំនួនទៀត។
លោក អូស្មាន ហាស្សាន់ ក៏បានកោតសរសើរដល់អ៊ិស្លាមសាសនិក ដែលក្នុងពិធីបុណ្យរ៉ាម៉ាឌន បងប្អូនអនុវត្តបានខ្ជាប់ខ្ជួននូវសារាចរណែនាំរបស់រាជ រដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បានប្រសិទ្ធភាព ហើយត្រូវបន្តអនុវត្តឲ្យបានល្អ ដរាបណានៅមិនទាន់មានសេចក្តីជូនដំណឹង ឬសារាចរណែនាំសាជាថ្មីនោះទេ ៕
ដោយ៖សំរិត