ព័ត៌មានទាន់ហេតុការណ៍៖

ទូកស្មាច់៤គ្រឿងជាអំណោយរបស់សម្តេចក្រឡាហោមស ខេង ជូនដល់កម្លាំងអធិការនគរបាលក្រុង នឹងអធិការនគបាលស្រុកសេសាន

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖  អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង លោកឡូយ សុផាត បាននាំយកទូកស្មាច់៤គ្រឿង មានតម្លៃរាប់ពាន់ដុល្លារ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មកផ្តល់ជូនអធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង និងអធិការដ្ឋាននគរបាលស្រុកសេសាន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ។

ក្នុងការប្រគល់ជូនទូកស្មាច់ ចំនួន៤គ្រឿង ជូនដល់អធិការដ្ឋាននគរបាលក្រុង ស្រុកទាំងពីរនេះ បានធ្វើឡើងក្រោមវត្តមាន អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង លោកឡូយ សុផាត និងមានការចូលរួមពី អភិបាលក្រុង លោក សាយ កុសល និងអធិការក្រុង ស្រុកទាំងពីរ នៅរមណីដ្ឋានចំការក្រូច របស់អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង ផ្ទាល់តែម្តង នៅល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងភូមិសាមឃួយ ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។

អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង លោកឡូយ សុផាត បានពាំនាំប្រសាសន៍ នឹងផ្តាំផ្ញើសាកសួរសុខទុក្ខ ដល់មន្ត្រីនគរបាលយុត្តិធម៌ ទាំងអស់ក្នុងខេត្ត ជាពិសេសកម្លាំងនគរបាល អធិការដ្ឋាននគបាលក្រុង ស្រុក នៃស្នងការដ្ឋាននគរបាលខេត្ត ទាំងអស់អោយសម្រេចបានភារកិច្ចដែលថ្នាក់លើប្រគល់ជូន នៅចំពោះមុខ នឹងទទួលបានជោគជ័យជាបន្តបន្ទាប់ ។

អ្នកតំណាងរាស្ត្របានមានប្រសាសន៍ទៀតថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចបានឧបត្ថម្ភថវិកា ដើម្បីទិញទូកស្មាច់ចំនួន ៤គ្រឿង នាំយកមកប្រគល់ជូន អធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង ២គ្រឿង និងអធិការដ្ឋាននគរបាលស្រុកសេសាន ២គ្រឿង ដែលទូកទាំង៤គ្រឿងនេះ បានចំណាយថវិកាអស់ ច្រើនពាន់ដុល្លារអាមេរិក។

អ្នកតំណាងរាស្ត្រ បានបន្តថា អធិការដ្ឋាននគរបាលក្រុង និងស្រុកទាំង២នេះ នៅមានការខ្វះខាតមធ្យោបាយផ្លូវទឹក សម្រាប់ចុះបំពេញភារកិច្ច ទាំងពេលយប់ និងនៅពេលថ្ងៃ នៅគ្រាដែលមានសភាពការណ៍នានាកើតឡើង ដូចជា ការកើតឡើងនៃបទល្មើស លើដងទន្លេទាំង៤ក្នុងខេត្ត ឧប្បទ្ទហេតុគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ គ្រោះទឹកជំនន់ និងហេតុការណ៍ជាច្រើនផ្សេងៗទៀត ដែលបានកើតមាននៅក្នុងភូមិសាស្ត្រ នៃដងទន្លេមេគង្គ សេកុង សេសាន និងទន្លេស្រែពក។

អ្នកតំណាងរាស្ត្រ បានណែនាំដល់អធិការនគរបាលក្រុងស្ទឹងត្រែង លោកវរៈសេនីយ៍ឯក ឈូក កុម្មល់ និងអធិការនគរបាលស្រុកសេសាន លោកវរៈសេនីយ៍ឯក ទេស ភាលាភ ក្រោយទទួលបានទូក ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចប្រមុខក្រសួងមហាផ្ទៃនេះទៅ ត្រូវយកទៅបម្រើអោយផលប្រយោជន៍រួម ត្រូវសហការណ៍ជាមួយស្ថាប័ននានា ដូចជា ផ្នែករដ្ឋបាលជលផល និងផ្នែកពាក់ព័ន្ធជាច្រើនទៀត ដើម្បីសហការបំពេញមុខងារ ការពារសន្តិសុខ ជួយសង្គ្រោះប្រជាជន នៅពេលមានគ្រោះអាសន្នកើតឡើង និងធ្វើប្រតិបត្តិការទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ និងជលផល ដែលកើតមាននៅក្នុងផ្ទៃទឹកទន្លេទាំង៤ ក្នុងខេត្តស្ទឹងត្រែង របស់យើងនេះ។

ម្យ៉ាងទៀត ក្រោយពីទទួលបានទូកនេះទៅ ត្រូវខិតខំថែរក្សាការពារ ដើម្បីជាគុណប្រយោជន៍ ក្នុងការអនុវត្តតួនាទី ភារកិច្ចទៅតាមជំនាញ បម្រើការពារសន្តិសុខ ជូនប្រជាពលរដ្ឋអោយបានល្អប្រសើរ។

អធិការនគរបាលក្រុងស្ទឹងត្រែង លោកវរៈសេនីយ៍ឯក ឈូក កុម្មល់ រួមនឹងអធិការដ្ឋាននគរបាលស្រុកសេសាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ នឹងប្តេជ្ញាចិត្ត ចំពោះសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ គ្រប់លំដាប់ថ្នាក់ និងអ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង លោកឡូយ សុផាត នូវអ្វីដែលថ្នាក់ដឹកនាំបានប្រគល់ជូន នៅក្នុងពេលនេះ។

អធិការដ្ឋាននគបាលក្រុងស្រុក នឹងបន្តខិតខំបម្រើ និងបំពេញភារកិច្ចអោយបានល្អ ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ជាពិសេស ស្របពេលដល់រដូវត្រូវបិទនេសាទ ដើម្បីទប់ស្កាត់ទៅលើអ្នកនេសាទខុសច្បាប់ផងដែរ រួមទាំងការពារសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ និងទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេសសម្រាប់ទុកជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ ក្នុងហេតុការណ៍ដូចជាគ្រោះមហន្តរាយធម្មជាតិ ផ្សេៗទៀតផងដែរ៕

ដោយ៖មាស សុផាត

 


ចែករំលែក៖