ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ២នាក់ប្រើប្រាស់គ្រឿងញៀននិងដកហូតបានដាវចំនួន៧ដើម

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង០០ និង០៥នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី០៥ខែឧសភាឆ្នាំ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ក្រោមការចង្អុលបង្ហាញពីលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ  បានចុះល្បាតការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងភូមិសាស្រ្តក្រុង រហូតដល់វេលាម៉ោង០៣និង០០នាទីទៀបភ្លឺ នៅចំណុចវត្តថ្មី ស្ថិតក្នុងភូមិបាលិលេយ្យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រទះឃើញជនសង្ស័យពីរនាក់ឈរនៅតាមផ្លូវ កម្លាំងក៏បានធ្វើការសួរនាំ ហើយជនសង្ស័យម្នាក់ឈ្មោះ ចក់ លីន ឆ្លើយថា ខ្លួនគេឈរមើលផ្លូវឱ្យមិត្តភក្តិគេប្រើប្រាស់គ្រឿងញៀន។ ពេលឮដូច្នេះកម្លាំងបានធ្វើប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ទៀត ឈ្មោះ ង៉ែត ជឺយ ហៅ អាកណ្ដុរ និងបានដកហូតវត្ថុតាង កាំបិតចំនួន០៧ដើម ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសាកសួរ។

    លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០២នាក់បានប្រាប់ថា ពួកគេកន្លងមកធ្លាប់ប្រើប្រាស់គ្រឿងពិតប្រាកដមែន ហើយកាំបិតទាំងអស់នេះពួកគេដាក់តាមខ្លួនដើម្បីការពារក្រែងមានក្រុមផ្សេងទៀតមករករឿងពួកគេ។ ក្រោយពីបានចម្លើយសារភាព និងមានវត្ថុតាងហើយនោះ កម្លាំងជំនាញព្រហ្មទណ្ឌ កងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការបន្ត។

    បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជ អាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីហើយ៕ដោយ៖ស សម


ចែករំលែក៖