ខេត្តបន្ទាយមានជ័យ៖ គ្រឿងក្នុងជ្រូកមានជើង ឆ្អឹងជំនីរ អណ្តាត ស្លឹកត្រចៀក ពោះវៀនធំ ក្រពះ បេះដូង ថ្លើម ដែលខូចគុណភាពនាំចូលពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលដឹកបង្កប់តាមរថយន្តចេញពីក្រុងប៉ោយប៉ែត ត្រូវបានសមត្ថកិច្ចជំនាញធ្វើការបង្ក្រាបហើយយកមកដុតបំផ្លាញចោលកាលពីរសៀលថ្ងៃពុធ១៥កើត ខែពិសាខឆ្នាំជូត ទោស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី០៦ខែឧសភាឆ្នាំ២០២០នៅចំណុចភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យលោកហ៊ុយ ទូច បានប្រាប់ថា គ្រឿងក្នុងជ្រូកចម្រុះនេះមានទម្ងន់៤.៥០០គីឡូបង្ក្រាបដោយក្រុមអន្តរាគមន៍ការិយាល័យសហការជាមួយសមត្ថកិច្ចការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាប្រចាំក្បាលស្ពានទឹកថ្លា ។គ្រឿងក្នុងជ្រូកទាំងនេះត្រូវបានក្រុមឈ្មួញនាំចូលពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតរួចដឹកបង្កប់តាមរថយន្តចេញពីក្រុងប៉ោយប៉ែតឆ្ពោះទៅរាជធានីភ្នំពេញនិងចែកចាយបន្តទៅតាមបណ្តាខេត្ត។
លោកបញ្ជាក់ថា ដោយទទួលបានការរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋ កម្លាំងជំនាញពេទ្យសត្វបានកិច្ចសហការល្អពីក្រុមគយចល័តក្រសួង ក៏បានចាប់ឃាត់រថយន្តដឹកជញ្ជូននៅលើកំណាត់ផ្លូវជាតិលេខ៥ក្នុងភូមិសាស្ត្រសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណដកហូតកេសដែលផ្ទុកគ្រឿងក្នុងជ្រូកខូចគុណភាពចំនួន៧៥កេសដែលស្មើនឹង៤៥០០គីឡូ ៕ដោយ៖វណ្ណា