ខេត្តសៀមរាប៖ ស្រុកចំនួនបីក្នុងខេត្តសៀមរាបបានរងគ្រោះដោយសារខ្យល់កន្ត្រាក់លាយឡំនិងភ្លៀង ផ្គររន្ទះបាញ់ បណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋមួយចំនួន។ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ នៅស្រុកប្រាសាទបាគង ស្រុកសូទ្រនិគម និង ស្រុកអង្គរជុំ ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា នៅស្រុកប្រាសាទបាគង គ្រោះធម្មជាតិបានកើតឡើងកាលពីវេលាម៉ោង ១៨និង១៧ នាទីល្ងាចថ្ងៃទី០៦ខែឧសភា ឆ្នាំ២០២០ បណ្តាលរបើកដំបូលផ្ទះ១០ខ្នង និងរលំផ្ទះ១ខ្នង សរុបចំនួន ១១ ខ្នងផ្ទះ (១១គ្រួសារ)និងរបួសមនុស្ស១នាក់។ យោងតាមរបាយការណ៍បញ្ជាក់ថា៖១-នៅភូមិល្វា ចំនួន៥គ្រួសារ របើកដំបូលផ្ទះ។ ២-នៅភូមិសួង ៥គ្រួសារ របើកដំបូលផ្ទះ៤ខ្នង និងរលំផ្ទះ១ខ្នង ។ ៣-នៅភូមិតាអី ១គ្រួសារ របើកដំបូល និងជញ្ជាំង ជាមួយនោះម្ចាស់ផ្ទះរងរបួសដេរ៨ថ្នេរ មានឈ្មោះ ភេម ថា ត្រូវបានយកទៅសង្គ្រោះនៅមណ្ឌលសុខភាពត្រពាំងធំ។
ស្រុកសូទ្រនិគមកើតឡើងកាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិថ្នល់ដាច់ ឃុំដានរុន ស្រុកសូទ្រនិគម មានករណីខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំបង្គោលខ្សែភ្លើង០១ដើម របើកដំបូលផ្ទះប្រជាពលរដ្ឋ០១ខ្នង និងធ្លាយដំបូល០១ខ្នង៖ ១-របើកដំបូលទាំងស្រុង ផ្ទះប្រក់ស័ង្កសី ០១ខ្នង ទំហំ៦មx៨ម ជញ្ជាំងស័ង្កសី ម្ចាស់ផ្ទះឈ្មោះឡាច ឃន ភេទស្រី អាយុ៧៣ឆ្នាំមានទីលំនៅភូមិ.ឃុំកើតហេតុ។ ២-ធ្លាយដំបូលផ្ទះប្រក់ស័ង្កសី ០១ខ្នង ទំហំ៤មx៥ម ជញ្ជាំងស័ង្កសី ម្ចាស់ផ្ទះឈ្មោះយិន រី ភេទស្រី អាយុ៧១ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុ ហើយករណីខាងលើនេះ ពុំបណ្ដាលឱ្យរងរបួសមនុស្សឡើយ។
ស្រុកអង្គរជុំកើតឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀល បណ្តាលឱ្យកាច់ជើងសសរផ្ទះដួល ៤ខ្នង, របើកដំបូលផ្ទះ ៥៩ខ្នង រន្ទះបាញ់មនុស្សរបួស១នាក់, ដួលរលំដើមឈើសង្កត់មនុស្សរបួសស្រាល ២នាក់, រន្ទះបាញ់គោងាប់៤ក្បាល៕ប៊ុនរិទ្ធី