ព័ត៌មានទាន់ហេតុការណ៍៖

ទូតបារាំងនៅកម្ពុជាកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រងករណីរាតត្បាតវីរុសកូវីដ-១៩បានល្អ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នាទីស្ដីការក្រសួងសុខាភិបាលនេះ

លោកស្រី អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen BINH) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានថ្លែងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រងករណីរាតត្បាតវីរុសកូវីដ-១៩ និងផ្ដល់សេវាថែទាំអ្នកជំងឺ គ្រប់សញ្ជាតិបានយ៉ាងល្អប្រសើរ។

ជាមួយនេះលោកស្រីក៏បានសម្ដែងការថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះរាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រសួងសុខាភិបាលកម្ពុជា និងក្រុមគ្រូពេទ្យជួរមុខទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបានយ៉ាងល្អប្រសើរ ក្នុងការពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩ ជាជនជាតិបារំាង ឱ្យបានជាសះស្បើយកន្លងមកនេះ ក្នុងចំណោមអ្នកជំងឺទាំង១២២នាក់ នៅកម្ពុជា។

ពិតជាគួរឱ្យកោតសរសើរជាអនេក ចំពោះសមត្ថភាពការដាក់ផែនការការងារ និងគ្រូពេទ្យកម្ពុជា ក្នុងការព្យាបាលអ្នកជំងឺឱ្យជាសះស្បើយ ជាពិសេសសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះការយកចិត្ដទុកដាក់ខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលកន្លងមកបានបញ្ជូនក្រុមជំនាញ និងដឹកអ្នកជំងឺកូវីដ-១៩ ជាជនជាតិបារំាង តាមរយៈយន្ដហោះពីក្រុងព្រះសីហនុ មកព្យាបាលនៅរាជធានីភ្នំពេញរហូតជាសះស្បើយ។

ក្នុងឱកាសនោះលោកស្រីក៏បានពិភាក្សានិងរំលឹកការពារបន្ថែមទៀត ពីវិធានការការពារទប់ស្កាត់ នឹងជំងឺកូវីដ-១៩ បន្ដទៅទៀត ខណ:លោកស្រីសង្កេតឃើញថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជា ហាក់បីដូចជាភ្លេចខ្លួនគ្មានការព្រួយបារម្ដចំពោះបញ្ហាកូវីដ-១៩ ដោយមិនបន្ដការការពារខ្លួន ។

លោកស្រី បានថ្លែងទៀតថា យើងមិនត្រូវភ្លេចខ្លួនទេ ព្រោះរលកទី២នៃជំងឺកូវីដ១៩ នឹងអាចផ្ទុះឡើងគ្រប់ពេល ខណៈដែលយើងរកមិនទាន់ឃើញថ្នាំវ៉ាក់សាំងការពារ នៅឡើយ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា «យើងសង្កេតឃើញហើយថា បច្ចុប្បន្ននេះ អ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១២២នាក់ ហើយជាសះស្បើយរហូតដល់ទៅ១២០នាក់ ដោយមិនមានករណីស្លាប់។ ដោយសារតែគ្មានករណីស្លាប់នេះហើយ ដែលបណ្ដាលឱ្យប្រជាពលរដ្ឋយើងមិនខ្លាច និងព្រួយបារម្ដនោះទេ។ តែទោះជាយ៉ាងណាក៏ដោយ ក្រសួងសុខាភិបាល នៅតែបន្ដជំរុញធ្វើការអប់រំដល់ពលរដ្ឋបន្ថែមទៀត ដើម្បីឱ្យពួកគាត់បន្ដយកចិត្ដទុកដាក់ការពារខ្លួននិងកុំភ្លេចខ្លួន៕

ដោយ÷ប្រាថ្នា

 


ចែករំលែក៖