ព័ត៌មានទាន់ហេតុការណ៍៖

ដំណើរការផលិតអំបិលក្នុងខេត្តកំពត នៅតែបន្ដដំណើរការទៅមុខ​ បេីទោះបីជាមានការលំបាកបញ្ហាមួយចំនួនក៏ដោយ

ចែករំលែក៖

ភ្នំពេញ៖  លោក ភូ លិ អភិបាលរងខេត្តកំពត បានអះអាងថា ដំណើរការផលិតអំបិលក្នុងខេត្តកំពត នៅតែបន្ដដំណើរការទៅមុខដូចធម្មតា បើទោះបីកន្លងទៅ មានជួបការលំបាកមួយចំនួនដូចជាបញ្ហាបម្រែបម្រួលអាកាសធាតុ និងដើមទុនសម្រាប់ធ្វើអាជីវកម្មក៏ដោយ។ 

     ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពត» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី០៨​  ឧសភា ឆ្នាំ២០២០ លោក ភូ លិ បានបញ្ជាក់ថា​ ជាមោទនភាពសម្រាប់ខេត្តកំពត​ គឺជាកន្លែងផលិតអំបិល ហើយដែលបានចែកចាយជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ដែលជាអំបិលមានគុណភាពល្អ។

    សម្រាប់លោក ភូ លិ កន្លងមកពេលដែលសហគមន៍អំបិលកើតឡើង សហគមន៍អំបិលក៏មានការ ព្រួយបារម្ភថា ពេលដែលផលិតបានច្រើន យើងពិបាករកទីផ្សារ ប៉ុន្ដែកន្លងមកដោយសារតែបម្រែបម្រួលអាកាសធាតុផង, វិបត្តិផលទុនផង ធ្វើឲ្យអ្នកផលិតអំបិលមានការលំបាកបន្ដិច។ 

     ពាក់ព័ន្ធនឹងបញ្ហាអំបិលនេះដែរ បច្ចុប្បន្នថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយគណៈអភិបាលខេត្តកំពត កំពុងខិតខំធ្វើយ៉ាងណារឹតត្បិតអំបិល ដែលមានសារធាតុគីមី នាំចូលមកពីប្រទេសជិតខាងយកមកចែកចាយក្នុងប្រទេសកម្ពុជា។ នេះបេីតាមការបញ្ជាក់របស់លោក​ ភូ​ លិ។ 

    សូមបញ្ជាក់ថា រយៈពេល៤ខែ ឆ្នាំ២០២០នេះ ការផលិតអំបិលនៅក្នុងខេត្តកំពត បានចំនួន ២៧,៧៧៥តោន ក្នុងនោះបានផ្គត់ផ្គង់ទៅលើទីផ្សារ ចំនួន ១២,៣៣២តោន៕ដោយ៖សំរិត

       


ចែករំលែក៖