ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ៃ តុលា ត្រូវបានបញ្ជូនទៅ អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីចាត់ការបន្ត

ចែករំលែក៖

ភ្នំពេញ៖ បើតាមការផ្សាយរបស់ផេកហ្វេសប៊ុក GRK News បានឲ្យដឹងថា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ កម្លាំងការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជូនជនសង្ស័យឈ្មោះ ម៉ៃ តុលា ភេទប្រុស មុខរបរ អតីតអគ្គលេខាធិការរង សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទៅអង្គភាពប្រឆាំងអំពើពុករលួយដើម្បីចាត់ការបន្ត។

មន្រ្តីជាន់ខ្ពស់កងរាជអាវុធហត្ថបានបញ្ជាក់ថា «អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួនលោក ម៉ៃ តុលា អតីតអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាហើយ នៅថ្ងៃទី០៧ ខែឧសភា ហើយបច្ចុប្បន្នលោក ម៉ៃ តុលា កំពុងត្រូវបានសួរនាំនៅអង្គភាពប្រឆាំងអំពើពុកលួយ ដើម្បីកសាងសំណុំរឿង និងអនុវត្តតាមនីតិច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា» ។

សូមបញ្ជាក់ថា មន្រ្តីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាចំនួន ៤រូបដែលត្រូវបានគណៈកម្មាធិការប្រតិបត្តិសម្រេចដកមុខតំណែង និងព្យួរមិនឲ្យធ្វើសកម្មភាពកីឡាបាល់ទាត់អស់មួយជីវិត ដែលធ្វើឲ្យកក្រើកនៅក្នុងមជ្ឈដ្ឋានកីឡាបាល់ទាត់ FFC ត្រូវបានមន្រ្តីនៅក្នុងសហព័ន្ធទម្លាយប្រាប់ជាសាធារណៈថា គឺជាប់ពាក់ព័ន្ធជាមួយ នឹងអំពើពុករលួយ ឃុបឃិតជាប្រព័ន្ធចាប់តាំងពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២០ ដែលមានទំហំទឹកប្រាក់រាប់ម៉ឺនដុល្លារ។

ទំហំទឹកប្រាក់នៅក្នុងអំពើឃុបឃិតគ្នាជាប្រព័ន្ធ ត្រូវបានគណៈកម្មាធិការប្រតិបត្តិរកឃើញមានទឹកប្រាក់ប្រមាណ ៥៩៧៣៦ដុល្លារ គិតចាប់តាំងពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៩ ហើយនេះមិនរាប់បញ្ចូលព្រឹត្តិការណ៍ប្រកួតធំៗជាច្រើន នាពេលកន្លងនោះឡើយ។

ការឃាត់ខ្លួនមន្ដ្រីបច្ចេកទេសខាងលើ គឺក្រោយមួយថ្ងៃ ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសបញ្ចប់តួនាទីភារកិច្ចអតីតអគ្គលេខាធិការរងសហព័ន្ធខាងលើ ព្រមទាំងអតីតមន្ដ្រី ៣រូបទៀត រួមមានលោក ទុយ វិច្ឆិកា ជាប្រធានការិយាល័យអាជ្ញាកណ្តាល, លោក ឆាំង ពិសិដ្ឋ ជាប្រធានការិយាល័យប្រកួត និងលោក គល់ សុភារម្យ ជាប្រធានការិយាល័យរដ្ឋបាល ដែលឃុបឃិតគ្នាជាប្រព័ន្ធ កិបកេងថវិការបស់សហព័ន្ធ ទទួលបានពីការប្រកួត Tiger Street នូវទឹកប្រាក់៥៩,៧៣៦ដុល្លារ គិតពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៩។

ដោយសារការប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរ ផ្ទុយពីក្រុមសីលធម៌ និងវិន័យរបស់សហព័ន្ធ ទើបថ្នាក់ដឹកនាំ FFC សម្រេចព្យួរអតីតមន្ដ្រី ៤រូបខាងលើ មិនឲ្យពាក់ព័ន្ធសកម្មភាពបាល់ទាត់អស់មួយជីវិត។ លើកលែងតែលោក ម៉ៃ តុលា ដែលត្រូវបានសហព័ន្ធ ដាក់ពាក្យបណ្ដឹង ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ចំពោះការប្រព្រឹត្តអំពើពុករលួយ រហូតដល់មានការឃាត់ខ្លួនដូច្នេះ៕ហេង សូរិយា


ចែករំលែក៖