ព័ត៌មានទាន់ហេតុការណ៍៖

ច្បាប់មិនតម្រូវឱ្យផាកពិន័យម៉ូតូ ឬរថយន្តបើកភ្លើងពេលថ្ងៃទេ

ចែករំលែក៖

ភ្នំពេញ៖ ករណីនគរបាលចរាចរណ៍ប្រចាំតាមភ្លើងស្តុប ចាប់ផាកពិន័យម៉ូតូណាដែលបើកភ្លើងពេលថ្ងៃនោះ  ពេលនេះលែងមានបញ្ហាផាកពិន័យដូចមុនទៀតហើយ ។ ទោះជាយ៉ាងណា ករណីដែលធ្វើឲ្យអ្នកធ្លាប់ឆ្លងកាត់បទពិសោធន៍ដ៏ហួសចិត្តមួយនេះ ត្រូវបានបកស្រាយហើយ។

កាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ក្នុងវេទិកាស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា ទទក ដោយមានលោកឧត្ដមសេនីយ៍ត្រី ថី វិសាល បានបកស្រាយលើករណីបើកភ្លើងពេលថ្ងៃ ឱ្យមហាជនបានដឹងយ៉ាងដូច្នេះថា៖«ធម្មតា យានយន្តដែលនាំចូលពីបរទេស នៅបណ្តាប្រទេសអភិវឌ្ឍន៍ ឡានសាមញ្ញ ឬ ឡានជជុះមួយទឹក ដែលភាគច្រើនយើងនាំចូលពីសហរដ្ឋអាមេរិក ហើយនៅបណ្តាប្រទេសអភិវឌ្ឍន៍ សូមជម្រាបថា ច្បាប់តម្រូវឲ្យបើកភ្លើងពេលថ្ងៃ ដែលអង់គ្លេសហៅថា (Day Light) ដោយភ្លើងនេះគឺបើកជាប់រហូតតែម្តង បិទអត់បានទេ» ។

លោកឧត្ដមសេនីយ៍ត្រី ថី វិសាល បន្តថា៖ «សូមជម្រាបថា ភ្លើងពេលថ្ងៃនេះ មិនមែនជាភ្លើងហ្វា ហើយក៏មិនមែនជាភ្លើងកូតនោះដែរ គឺជាភ្លើងពេលថ្ងៃ ហើយភ្លើងហ្នឹងគឺបើកជាប់រហូតតែម្តង គឺគ្មានកុងតាក់បិទទេ។ នៅតាមបណ្ដាប្រទេសអភិវឌ្ឍន៍គឺតម្រូវឱ្យមាន ហើយគោលបំណងក្នុងការបំពាក់ភ្លើងពេលថ្ងៃហ្នឹង គឺដើម្បីធានាសុវត្ថិភាព ក្នុងការបើកបរទេ ដើម្បីមើលឃើញពីចម្ងាយ ឃើញភ្លើងអ៊ីចឹងទៅ ដើម្បីឱ្យយើងមានការប្រុងប្រយ័ត្ន » ។

លោកឧត្តមសេនីយ៍ត្រីបានបន្ថែមទៀតថា៖ «ហើយសូមជម្រាបថា នៅក្នុងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុក្រឹត្យលេខ៣៩នេះ មិនមានមាត្រាណាមួយឱ្យមន្ដ្រីនគរបាលចរាចរណ៍ ធ្វើការផាកពិន័យ ទៅលើភ្លើងពេលថ្ងៃនោះទេ»។ 

លោកក៏បានបន្ថែមទៀតថា៖ ”ពាក់ព័ន្ធទៅនឹងភ្លើងនេះ ទោះបីយើងភ្លេចបិទភ្លើងកូតក៏ដោយ (ធម្មតាឡានម៉ូតូយើងបើកភ្លើង ព្រលឹមឡើងធ្វើដំណើរភ្លេចបិទ ភ្លើងដែលយើងសល់ពីយប់ហ្នឹង ក៏មន្ដ្រីនគរបាលមិនពិន័យដែរ ហ្នឹងសូមជម្រាបឲ្យច្បាស់អ៊ីចឹង កុំមានការបារម្ភ នគរបាលមិនពិន័យទេ បើទោះបីភ្លើងហ្ស៊ីនមកពីនាយក៏ដោយ»៕   ហេង សូរិយា


ចែករំលែក៖