ព័ត៌មានទាន់ហេតុការណ៍៖

បើកឡំប្រឺតាគេចពីរថយន្តទៅបុកបង្កាន់ដៃស្ពានអាកាស ៧ មករារបួសធ្ងន់ស្រាល២ នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបេីកបរឡំប្រឺតាដោយមានដឹកបុរសម្នាក់ទៀតក្នុងល្បឿនយ៉ាងលឿនហើយបានប្រឹងគេចពីរថយន្តមួយគ្រឿងដោយខ្វះការប្រុងប្រយ័ត្ននោះក៏ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាស ៧មករាយ៉ាងពេញទំហឹងបណ្ដាលឲ្យអ្នកបើកបរគាបជាប់រងរបួសធ្ងន់ ចំណែកអ្នករួមដំណើររងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង ២០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី ៩ ខែឧសភាឆ្នាំ ២០២០ នៅចំណុចគល់ស្ពានអាកាស ៧ មករា តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀតបើកឡំប្រឺតាពណ៌លឿងពាក់ស្លាកលេខភ្នំពេញ1HY-9358ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើក៏បានគេចពីរថយន្តមួយគ្រឿងធ្វើឱ្យរេចង្កូតមកខាងស្តាំដៃជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសពេញទំហឹងបណ្ដាលឲ្យអ្នកបើកបរគាបជាប់រងរបួសធ្ងន់ត្រូវបានបងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយគាស់ចេញរួចទំនាក់ទំនងទៅរថយន្តសង្គ្រោះបន្ទាន់មកយកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ចំណែកឡំប្រឺតារងការខូចខាតស្ទើរទាំងស្រុង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកឡំប្រឺតារងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ៖សុខាសែនជ័យ​


ចែករំលែក៖