ភ្នំពេញ ៖ នគរបាលខណ្ឌចំការមន បានដាក់គោលដៅរឹតបន្តឹងនិងឆែកជាតិអាល់កុលលើអ្នកបើកបរយានយន្តប្រទះឃើញបុរស២នាក់គួរឱ្យសង្ស័យកម្លាំងនគរបាលចម្រុះក៏ឃាត់ឆែកឆេររកឃើញពួកគេរក្សាទុកកាំភ្លើងម៉ាកAKចំនួន១ដើមគ្មានលិខិតស្នាមលាក់ទុកក្នុងរថយន្តកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៨ ខែ ឧសភា ឆ្នាំ ២០២០នៅចំណុចមុខក្លិបហាត់ប្រាណភ្នំពេញស្ពត ផ្លូវលេខ២៧១ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ លី ហរអាង ភេទ ប្រុស អាយុ ២៥ឆ្នាំ មុខរបរ លក់ដូរ នៅផ្ទះលេខ៣៤០ ផ្លូវ B១២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ម្ចាស់រថយន្ត)ឃាត់ខ្លួនពីបទរក្សាទុកអាវុធម៉ាក AK ៤៧ ផលិតនៅសហភាពសូវៀតឆ្នាំ ១៩៦៥គ្មានលិខិតស្នាម និងគ្មានការអនុញ្ញាត។
បើតាមនគរបាល ខណ្ឌចំការមន បានឱ្យដឹងថា មុនកើតហេតុកម្លាំងចម្រុះសហការជាមួយកម្លាំងស្នងការដ្ឋានដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍និងឆែកជាតិអាល់កុលលើអ្នកបើកបរយានយាន្តលើដងផ្លូវសាធារណ:។ក្រោយមកក៏ឃាត់រថយន្តព្រូស១គ្រឿងជិះគ្នា២នាក់ហើយក៏ឆែករកឃើញកាំភ្លើងម៉ាកAK១ដើមនៅក្នុងរថយន្ត។ តាមការបំភ្លឺរបស់ឈ្មោះ លី ហរអាង បានប្រាប់ថា មានបងធម៌ខ្ញុំម្នាក់ មុខរបរ យោធាមានឋានៈជាវរសេនីយ៍ទោ បានឱ្យខ្ញុំយកអាវុធនេះទៅឱ្យគាត់នៅផ្ទះម្តុំសំណង់ ១២ ខ្ញុំបាទក៏បបួលប្អូនប្រុសរបស់ខ្ញុំទៅជាមួយបានជាគ្នាចេញពីហ្គារាសជួសជុលរថយន្តនៅផ្លូវលេខ៣៧១រួចបត់តាមផ្លូវលេខ២៧១មកដល់ចំណុចភ្នំពេញស្ពតក្លិបក៏ត្រូវបានកម្លាំងសមត្ថកិច្ចត្រួតពិនិត្យអាវុធជាតិផ្ទុះរកឃើញតែម្តង ។
សម្ភារដកហូតមាន កាំភ្លើងវែង១ដើម ម៉ាក AK 47 ផលិតនៅសហភាពសូវៀត នាឆ្នាំ១៩៦៥ លេខអាវុធ CT1528 និងរថយន្ត ១គ្រឿងម៉ាក ព្រូស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ២BB-០៧១៥។
ក្រោយឃាត់ខ្លួនជនសង្ស័យ រួមនិឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិីតិវិធីច្បាប់ ៕ចំណែកប្អូនប្រុសមិនពាក់ព័ន្ធសមត្ថកិច្ចបានឱ្យត្រលប់ទៅវិញដោយមានក្រុមគ្រួសារមកធានាផងដែរ។ ដោយ៖ស រស្មី