ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសពូកែដាល់ប្រពន្ធនិងបំផ្លាញទ្រព្យសម្បត្តិ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បើតាមការអះអាងរបស់នគរបាលស្រុកក្រគរបានបញ្ជាក់ថា ខ្លួនបានឃាត់ខ្លួនបុរសជាប្តីម្នាក់បន្ទាប់ពីជននេះបញ្ចេញកំហឹងដាល់ប្រពន្ធ និងទាញពូថៅដៃវាយកម្ទេចទ្រព្យសម្បត្តិ ដែលគេសង្ស័យថាអាចបណ្តាលមកពីភ្លើងប្រចណ្ឌប្រពន្ធ ក្រោយវិលត្រឡប់មកពីផឹកសុីវិញ។

 នគរបាលអះអាងទៀតថា ហេតុការណ៍ហិង្សាក្នុងគ្រួសារខាងលើ បានកើតឡើងកាលពីវេលាម៉ោង២ និង២៥នាទី រសៀលថ្ងៃអាទិត្យ ៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះរបស់ឈ្មោះ សាំង សុភី ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ ជនរងរបួស(ប្រពន្ធ) មានទីលំនៅភូមិថ្គោលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

  នគរបាលស្រុកក្រគរដដែលបន្តទៀតថា  បុរសសង្ស័យជាជនដៃដល់ដែលបានប្រើប្រាស់កណ្ដាប់ជ្រុលជ្រួសដាល់ប្រពន្ធ និងយកពូថៅដៃវាយកម្ទេចទ្រព្យសម្បត្តិ នោះគឺសង្ស័យផ្ដើមចេញពីភ្លើងប្រចណ្ឌនៅគ្រាវិលត្រឡប់មកផឹកសុីវិញ។ ជនសង្ស័យឈ្មោះ ទឹម គឹមស្រ៊ាង អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ត្រូវបានឃាត់ខ្លួននាំយកមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ៕ ដោយ៖ បុឹម ពិន


ចែករំលែក៖