ភ្នំពេញ៖ បន្ទាប់ពីសណ្ឋាគារThe Great Duke អតីតសណ្ឋាគារInterContinental ត្រូវបានបិទទ្វារឈប់ដំណើរការអស់រយៈពេលជាង៥ខែមកហើយ មិនទាន់មានដំណោះស្រាយណាមួយទៅតាមច្បាប់ការងារនោះ ។អតីតបុគ្គលិកសណ្ឋាគារជាង ១០០នាក់ បានប្រមូលផ្តុំនាំគ្នាតវ៉ានិងបិទផ្លូវម៉ៅសេទុងជិត១ម៉ោង នៅមុខសណ្ឋាគារផ្ទាល់ ដើម្បីទាមទារការទូទាត់ប្រាក់សំណងពីថៅកែសណ្ឋាគារខាងលើនេះ ទៅតាមសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល កាលពីខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ ។
បុគ្គលិកទាំងអស់នោះ បាននាំគ្នាធ្វើការតវ៉ា កាលពីវេលាម៉ោង៨ និង២០នាទីព្រឹកថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២០ នៅចំណុចខាងមុខសណ្ឋាគារTHE GREAT DUKE (អតីតសណ្ឋាគារអាំងទែរកុងទីណង់តាល់) តាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទំបន់ទឹក ខណ្ឌបឹងកេងកង ។ បន្ទាប់ពីមានការបិទផ្លូវនោះ អាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីក្រសួងការងារបានចុះអន្តរាគមន៍ស្នើសុំឱ្យបើកផ្លូវវិញ និងនាំតំណាងសហជីពទៅជួបអ្នកគ្រប់គ្រងសណ្ឋាគារ ដើម្បីជជែកគ្នារកដំណោះស្រាយ។
តាមសម្ដីអតីតបុគ្គលិកម្នាក់ បានប្រាប់ឱ្យដឹងថា ពួកគាត់ទាំងអស់គ្នាជាតំណាងឱ្យបុគ្គលិកចំនួន១៥២នាក់ មានការខកចិត្តយ៉ាងខ្លាំងចំពោះម្ចាស់សណ្ឋាគារ THE GREAT DUKE ដែលបានបិទទ្វារ ដោយមិនទូរទាត់សំណងជូនកម្មករ និយោជិត ស្របទៅតាមច្បាប់ការងារ ដែលជាអតីតបុគ្គលិកបម្រើការងារមិនទាន់ទទួលបាននូវប្រាក់សំណងអស់រយៈពេលជាង៥ខែមកហើយនោះ។
បន្ទាប់ពីជួបជជែកគ្នាជាមួយភាគីក្រុមហ៊ុននៅព្រឹកថ្ងៃនេះ ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជាប្រចាំនៅសណ្ឋាគារ The Great Duke លោក ទូច កុសល និយាយថា ពួកគេបានព្រមព្រៀងគ្នាជាមួយភាគីសណ្ឋាគារ The Great Duke ដោយកំណត់ជួបគ្នារកដំណោះស្រាយនៅក្រសួងការងារនាម៉ោង ២រសៀលថ្ងៃស្អែក។
គួរបញ្ជាក់ថា សណ្ឋាគារ The Great Duke ត្រូវបានប្រកាសបិទអាជីវកម្មរបស់ខ្លួន កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ បន្ទាប់ពីសណ្ឋាគារមួយនេះបានដំណើរការអស់រយៈពេល ២៣ឆ្នាំមកហើយ ។ ក្រោយពីបិទទ្វារ មិនទាន់ទូទាត់ប្រាក់អតីតភាពការងារ ធ្វើឱ្យអតីតបុគ្គលិកនៅសណ្ឋាគារនេះ នាំគ្នាធ្វើញត្តិដាក់ទៅស្ថាប័នរដ្ឋ ដូចជា ក្រសួងការងារ ខុទ្ទកាល័យរដ្ឋាភិបាល និងដាក់ទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីជួយអន្តរាគមន៍ផងដែរ។
គួររំលឹកថា ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាកណ្តាល កាលពីថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ បានចេញសេចក្តីសម្រេចជូនដំណឹងទៅភាគីកម្មករនិយោជិត និងភាគីនិយោជក ដើម្បីឱ្យនិយោជកផ្តល់សំណងដល់កម្មករនូវប្រាក់ដំណាច់ទូទាត់ជួសការជូនដំណឹងមុន និងប្រាក់រំលឹកអតីតភាពការងារមុនឆ្នាំ២០១៩ ដោយយកប្រាក់ឈ្នួលគោល និងប្រាក់បន្ទាប់បន្សំមកគណនា ៕ដោយ៖ស រស្មី