ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋទីទាល់ក្រចំនួន១២០គ្រួសារបានមកទទួលអំណោយពីអាជ្ញាធរខេត្តនៅព្រឹកថ្ងៃទី១១ខែឧសភាឆ្នាំ២០២០ ។
លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងក្រុមការងារបានអញ្ជើញសំណេះសំណាលសួរសុខទុក្ខនិងផ្តល់អំណោយដល់ ប្រជាពលរដ្ឋទីទាល់ក្រ ខ្វះខាតស្បៀង ចំនួន ១២០គ្រួសារ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោកអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ សែន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងបានកសាងហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យរួមមាន៖ សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ វត្តអារាម ព្រមទាំងបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសដោយមិនបណ្តោយឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយដោយមិនបានដឹងនិងមិនបានដោះស្រាយនោះឡើយ។
លោកអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ការផ្តល់អំណោយស្បៀងនាពេលនេះ គឺដើម្បីចូលរួមចំណែកដោះស្រាយ និងរួមចំណែកលើកកម្ពស់ជីវភាពរបស់បងប្អូនឱ្យកាន់តែល្អប្រសើរថែមទៀត បើទោះបីជាអំណោយទាំងនេះមិនបានបំពេញតាមតម្រូវការរបស់បងប្អូនក៏ពិតមែន តែក៏អាចដោះស្រាយបានមួយកម្រិតផងដែរ ដូច្នេះសូមលោកតា លោកយាយ អ៊ំពូមីង និងបងប្អូនទាំងអស់ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ជឹមជីវិត ដើម្បីបង្កើនជីវភាពរបស់បងប្អូនឱ្យធូរធារជាងមុន។
នៅក្នុងឱកាសនោះផងដែរលោកផាន់ ចាន់ធុលក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាពដោយរដូវនេះមានភ្លៀងធ្លាក់ច្រើនដែលងាយបង្កឱ្យកើតជំងឺតម្កាត់ផ្សេងៗ ជាពិសេសត្រូវប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩និងត្រូវចូលរួមទប់ស្កាត់ការរីករាលដាលហើយបើមានបញ្ហាអ្វីកើតឡើងក្នុងមូលដ្ឋានត្រូវរាយការណ៍ទៅមេឃុំចៅសង្កាត់ដែលនៅជិតកៀកជាមួយបងប្អូនផ្ទាល់ដើម្បីឱ្យក្រុមការងារចុះជួយឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា។ ព្រមជាមួយនេះអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវចូលរួមសហការ និងជួយសង្រ្គោះដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានគ្រប់ស្ថានភាព គ្រប់ហេតុការណ៍ ដោយត្រូវរួមសុខរួមទុក្ខជាមួយប្រជាជន គ្រប់កាលៈទេសៈ ។
សូមបញ្ជាក់ថា៖ អំណោយស្បៀងដែលចែកជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន ១២០គ្រួសារនៅភូមិអូរដីស្អិត និងភូមិដីស ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនដោយក្នុងមួយគ្រូសារៗទទូលបានអង្ករចំនួន ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ប្រហុក ១ក្រឡ។ដោយ៖ស សារ៉េត