និយាយពីយាយសែន ប្រពន្ធតាពុំ ដែលមានទីលំនៅៗ ក្បែរខ្ទមរូបនោះ យាយសែនមានជំងឺហើមអស់ទាំងខ្លួន ចំនួនជាង ១ឆ្នាំមកហើយ រកគ្រូមើលពុំជាសោះ បានឮអ្នកស្រុកជិតខាង នាំគ្នាឈូឆរមកបន់ស្រន់ គោរពបូជារូបនោះ យ៉ាងគគ្រឹកគគ្រេងដូច្នោះ គាត់ក៏ប្រើប្ដីគាត់ ឲ្យទៅសុំទឹកអប់ពីរូបនោះមកល្បងមើល ។ លុះប្ដីយកទឹកអប់បានមកហើយ គាត់ក៏សួរប្ដីថា ទឹកអប់នេះនឹងធ្វើដូចម្ដេចខ្លះ ប្តីប្រាប់ថា: លោកតាឲ្យផឹកផងលាបខ្លួនប្រាណផង ។ ចាប់តាំងពីថ្ងៃដែលគាត់បានព្យាបាលរោគដោយទឹកអប់នោះមក រោគក៏កាន់តែស្រាកស្រាន្ត បានស្រួលបន្តិចម្ដងៗ ត្រឹមតែ៨ថ្ងៃប៉ុណ្ណោះ ក៏បានជាសះស្បើយ ហើយឲ្យហើយឲ្យប្ដីនាំគាត់ទៅខ្ទមអ្នកតា។ ទៅដល់ហើយ គាត់ថ្វាយបង្គំរូបនោះ ក៏ស្រាប់តែគាត់ក្រញែងខ្លួនដូចជារូបអារក្សដែលខ្មោចកំពុងចូល ស្រែកច្រៀងជាបទភ្លេងទសបារមី នាំតាដើរប្រទក្សិណរូបនោះ រួចនិយាយថា : អ្នកឯងមិនស្គាល់យាយទេឬ? ប្ដីឆ្លើយថា : មិនស្គាល់លោកយាយទេ ចុះលោកយាយឈ្មោះអ្វីទៅ? ហេតុដូចម្ដេចបានជាមកនៅក្រោមពោធិនេះ? តើអ្នកណាយករូបមកទុកដូច្នេះ? យាយសែនខ្មោចចូលក៏ប្រាប់ទៅវិញថា: “យើងនេះឈ្មោះទេពធីតារក្សាមនុស្សលោក ដែលថាអ្នកណាយកមកនៅក្រោមដើមពិធីនេះ យើងឥតដឹងទេ ព្រោះយើងតែងតែចុះមកជួយស្រោចស្រង់មនុស្សលោកជានិច្ច មិនមែនស្ថិតនៅក្រោមពោធិនេះទេ ឥឡូវដែលយើងមកចូលរូបយាយសែននេះ ក៏ដើម្បីជួយស្រោចស្រង់សង្គ្រោះមនុស្សក្នុងស្រុកនេះ ឲ្យបានសុខសប្បាយទាំងអស់គ្នា បើអ្នកឯងចង់បានឲ្យភូមិនេះថ្កុំថ្កើងរុងរឿង នោះត្រូវធ្វើតាមបង្គាប់យើងដូចតទៅនេះ : របៀប : កាលបើយាយសែនថ្លែងប្រាប់រួចហើយ តា ពុំ ក៏ធ្វើតាមបង្គាប់គឺ ឲ្យធ្វើស្លាធម៌ ១គូ ទឹកអប់១គូ បាយសី ១គូ លាជបារី ផ្កា ១គូៗ ទៀន ៥ ធូប ៥ ធ្វើរួចហើយ ឲ្យលេងភ្លេងខ្មែរ បញ្ជាន់រូបយាយសែនថែមទៀត ។
អំពីពិធីបន់ស្រន់ : ការបន់ស្រន់តាំងពីដើមរៀងៗ មកយ៉ាងណា ឥឡូវនេះក៏នៅមានដូច្នោះដែរ គឺថា: កាលបើមានជំងឺអ្វីកើតឡើងក្ដី ឬគេប្រាថ្នាអ្វីក្ដី ដូចជាប្រាថ្នាធ្វើស្រែចម្ការបានផលល្អជាដើម គេតែងទៅបន់ស្រន់សុំទឹកអប់ ហើយបួងសួងតាមបំណងដែលគេប្រាថ្នា ។ អំពីសែនថ្វាយ គ្រឿងតង្វាយនោះគឺ លេងភ្លេងនិងកាច់ផ្កាថ្វាយ ។ សព្វថ្ងៃនេះ គេច្រើនថ្វាយមាន់ប្រជល់ ១គូ ជួនណាគេបន់ធ្វើបុណ្យថ្វាយ លុះដល់យាយសែននោះស្លាប់ទៅ ក៏ចូលរូបដទៃជាច្រើនតំណ រហូតមកដល់សព្វថ្ងៃនេះ តែទោះបីចូលរូបយាយណាក៏ដោយ ក៏គេនៅតែហៅថាយាយសែនៗ តាមឈ្មោះយាយដែលចូលរូបពីដើមដំបូងនោះដែរ ។ អំពីបន់លេងភ្លេង ពិធីបញ្ជាន់យាយសែននោះ មានរបៀបបន់ស្រន់សែនថ្វាយ ដូចរៀបរាប់ខាងលើសព្វគ្រប់អស់ហើយ ឯភ្លេងតែមួយគឺ ភ្លេងទសបារមីមានទំនុកច្រៀងថា ៖
សូមថ្វាយបង្គំ សម្ដេចបារមី
មានរិទ្ធិក្រាសក្រៃ អំណាចជាក់ស្ដែង ។មិនដឹងទេឬ? ឈ្មោះទេពធីតាចុះមករក្សា មនុស្សលោកសព្វថ្ងៃ ។
អញ្ជើញគ្រូតូច អញ្ជើញគ្រូធំ
ស្ថិតនៅលើកំពូលភ្នំ ចុះមកស្ថានអាយ ។
នាងស្រីសែនស្រណោះ អណ្ដាតជាភ្លើងគ្រលួចឆេះឡើង បង្ក្រាបបិសាច ។
រឿងរ៉ាវទាំងនេះត្រូវបាន គេនិយាយតៗគ្នាមកជាយូរអង្វែងឆ្នាំហើយ ។ លោកគ្រូូ ម៉ៅ រឹត វត្តសូសែន ឃុំ សូសែន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាអ្នកដឹងរឿងទាំងនេះ ៕(ចប់ដោយបរិបូណ៌)
ស្រាវជ្រាវដកស្រង់ពីសៀវភៅប្រជុំរឿងព្រេងខ្មែរដោយ÷ចៅតាជេត
សូុមរង់ចាំអានប្រវត្តិនិងទំនៀុមខ្មែរជាច្រើនទៀតនៅថ្ងៃស្អែក