ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេខ្សែភ្លើងឆេះផ្ទះលក់គ្រឿងសំណង់ ខូចខាតអស់ទឹកប្រាក់រាប់ម៉ឺនដុល្លារនៅស្រុកវ៉ារិន

ចែករំលែក៖

ខេត្តសៀមរាប៖ តាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចក្នុងមូលដ្ឋានបានឲ្យដឹងថា នៅវេលាម៉ោង ៨និង ១២នាទីព្រឹកថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ២០២០ មានករណីទុស្សេខ្សែភ្លើងឆេះផ្ទះលក់គ្រឿងសំណង់មួួយកន្លែងនៅចំណុច ភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

សមត្ថកិច្ចនគរបាលស្រុកវ៉ារិនបានឲ្យដឹងថាផ្ទះដែលឆេះមានទំហំ ៨ មx ១២ ម ធ្វើអំពីឈើប្រក់ស័ង្កសី ម្ចាស់ផ្ទះឈ្មោះ សូ សារិន ភេទប្រុសអាយុ ៤០ ឆ្នាំនិងមានប្រពន្ធឈ្មោះ ភឿន សុភាន់ ភេទស្រីអាយុ ៣៧ ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ។ តាមការបបញ្ជាក់ពីម្ចាស់ផ្ទះថាអគ្គិភ័យនេះកើតឡើងគឺបណ្ដាលមកពីទុស្សេខ្សែភ្លើង។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ទ្រព្យសម្បត្តិដែលខូចខាតរួមមាន គ្រឿងសំណង់ដែលដាក់លក់សរុបទឹកប្រាក់ជាង ៤០០០០ដុល្លារ( បួនម៉ឺនដុល្លារ) និងឆេះអស់ប្រាក់ដែលទុកចាយវាយផ្សេងៗ(ដែលមិនដឹងចំនួន) នឹងឯកសារពាក់ពន្ធ័ផ្សេងៗជាច្រើន។

លោក វរសេនីយ៍ទោ ហុង ប៉ូហេង អធិការនគរបាលស្រុកវ៉ារិន បានប្រាប់ក្នុងកិច្ចសម្ភាសនៅម៉ោង១១និង៥០នាទីព្រឹក ថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០២០នេះថាអគ្គិភ័យឆាបឆេះផ្ទះលក់គ្រឿងសំណង់មួយកន្លែងនេះដោយសារទុស្សេខ្សែភ្លើងកាលពីវេលាម៉ោង៨ និ១២នាទីព្រឹកថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០២០ ។ ភ្លាមនោះ កម្លាំងយើងជួយចេញទៅធ្វើអន្ដរាគមន៍ពន្លត់អគ្គិភ័យនេះ ដោយបានប្រើប្រាស់ទឹក២ស៊ីទែនធំនិងរថយន្តតូច ១០ស៊ីទែនទើបរលត់ទៅវិញនៅម៉ោង ៩និង២០នាទីព្រឹកថ្ងៃដដែល ។ ចំណែកចំនួននៃការខូចខាតខាងលើគ្រាន់តែជាការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចប៉ុណ្ណោះ ខណ:ដែលម្ចាស់ផ្ទះកំពុងតែសរុបនៃការខូចខាតជាក់ស្តែងនៅឡើយ៕ដោយ៖ប៊ុន រិទ្ធី


ចែករំលែក៖