ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ព្រោះតែគ្មានលុយចាយបានធ្វើសកម្មភាពចូលលួចទូរស័ព្ទដៃនារីម្នាក់ដល់ក្នុងផ្ទះ បានសម្រេចហើយត្រូវសមត្ថកិច្ចចាប់ខ្លួន។ ករណីនេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១២ ខែឧសភាឆ្នាំ២០២០ នៅចំណុចផ្ទះជនរងគ្រោះក្នុងភូមិក្រពើហាកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ទី សំណាង ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ មុខរបរមិនពិតប្រាកដ។ ចំណែកជនរងគ្រោះឈ្មោះ តុល លក្ខិណា ភេទស្រី អាយុ៣១ឆ្នាំ មានទីលំនៅភូមិក្រពើហាកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះ។ ចំពោះវត្ថុតាងដែលដកហូតបានមាន៖
ទូរសព្ទ័១គ្រឿងម៉ាកoppo ពណ៌ទឹកប្រាក់(របស់ជនរងគ្រោះ),កាបូបស្ពាយពណ៌សូកូឡាចំនួន១(របស់ជនសង្ស័យ)។
ប្រភពដដែលបន្តថា កាលពីវេលាកើតហេតុខាងលើ ជនរងគ្រោះបានទុកទូរសព្ទ័ក្នុងផ្ទះរបស់ខ្លួនដោយដាក់នៅលើតុ
ពេលនោះជនសង្ស័យខាងលើ បានធ្វើសកម្មភាពដើរចូលទៅក្នុងផ្ទះ ហើយលួចយកកាន់រត់មកដល់ចំណុចមុខសណ្ឋាគារហ្គោហេក្នុងភូមិកំពង់សំណាញ់ ក៏ត្រូវប្រជាការពារ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍កំពង់សំណាញ់ ឃាត់ខ្លួនបានតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានធ្វើសកម្មភាពចូលក្នុងផ្ទះជនរងគ្រោះ លួចយកទូរសព្ទ័ខាងលើប្រាកដមែន មូលហេតុអត់លុយចាយ៕
ដោយ៖ស្អាងជ័យ