ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសាធារណការបើកកិច្ចប្រជុំវិសោធនកម្មច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក

ចែករំលែក៖

 

ភ្នំពេញ  ៖លោកតូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំវិសោធនកម្មច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក កាលពីថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

តាមការផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីកែសម្រួលពាក្យពេចន៍ ឃ្លាឃ្លោង ខ្លឹមសារ និងការកំណត់និយមន័យពាក្យគន្លឹះឱ្យមានន័យកាន់តែច្បាស់លាស់ ជាក់លាក់ទៅតាមបរិបទច្បាប់នេះ សំដៅការពារផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋ និងបរិស្ថានជារួម ព្រមទាំងងាយស្រួលអនុវត្តន៍ និងចៀសវាងការបកស្រាយខុស។

នៅក្នុងឱកាសនោះ លោករដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ថា ការកែសម្រួលពាក្យពេចន៍ ឃ្លាឃ្លោង អត្ថន័យ និងការកំណត់និយមន័យនៃច្បាប់នេះ គឺនឹងបន្តពិភាក្សាម្ដងមួយជំពូកៗរហូតដល់ចប់ ដើម្បីដាក់ឆ្លងស្ថាប័នពាក់ព័ន្ធទាំងអស់ ពិនិត្យ កែសម្រួល មុននឹងប្រកាសឱ្យប្រើប្រាស់ជាផ្លូវការដោយព្រះរាជក្រម។

ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះបានកែសម្រួលពាក្យពេចន៍ ឃ្លាឃ្លោងជាច្រើនក្នុងនោះរួមមាន ពាក្យដូចជារថយន្តទេសចរណ៍ទៅជារថយន្តគ្រួសារជាដើម។

លោករដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គប្រជុំ ដែលបានចូលរួមយ៉ាងផុសផុល ក្នុងការផ្ដល់មតិយោបល់ប្រកបដោយខ្លឹមសារ និងដែលបានផ្តល់ធាតុចូលសំខាន់ៗក្នុងកែសម្រួលច្បាប់នេះឱ្យកាន់តែមានន័យច្បាស់លាស់ និងចៀសវាងការបកស្រាយខុស និងអាចបម្រើឱ្យប្រយោជន៍ជាតិ៕ហេង សូរិយា


ចែករំលែក៖