ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពីផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពីផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កិច្ចប្រជុំនៅថ្ងៃនេះគឺជាការបន្តកិច្ចពិភាក្សាដើម្បីឆ្លងផែនការសកម្មភាពប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បន្ទាប់ពីក្រសួងក៏ទើបតែបានឆ្លង និងអនុម័តផែនការសកម្មភាពប្រចាំឆ្នាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានមួយចំនួនរួចមកហើយ ដើម្បីជំរុញ និងបង្កើនប្រសិទ្ធភាពក្នុងការចាត់ចែងការងារ និងតួនាទីរបស់អគ្គនីមួយៗ។

សម្ដេចឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថានៅឆ្នាំ២០២០នេះ ថ្វីដ្បិតថាយើងគ្រប់គ្នាបានដឹងរួចមកហើយនូវការប្រឈមមុខនឹងវិបត្តិជំងឺកូវីដ១៩ ដែលអាចធ្វើឱ្យផែនការសកម្មភាពមួយចំនួនមិនអាចសម្រេចទៅបានតាមការគ្រោងទុក ប៉ុន្តែការដាក់ចេញនូវផែនការជាក់លាក់ គឺជាកិច្ចការដ៏មានសារៈសំខាន់ និងក៏ជាមូលដ្ឋានគ្រឹះសម្រាប់ការរៀបចំផែនការសកម្មភាពឆ្នាំ២០២១ និងឆ្នាំបន្តបន្ទាប់ទៀតដែរ។

ពាក់ព័ន្ធនឹងការងារអត្តសញ្ញាណកម្ម សម្ដេចក្រឡាហោម បានមានប្រសាសន៍ជំរុញអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបន្តពន្លឿនការឈានទៅបញ្ចប់សេចក្ដីព្រាងច្បាប់ ការខិតខំជំរុញការងារអត្តសញ្ញាណកម្មទៅក្នុងសេវាច្រកចេញចូលតែមួយដែលពេលនេះកំពុងអនុវត្តន៍សាកល្បង និងការកសាងប្រព័ន្ធផ្ទុកគ្រប់គ្រងទិន្ន័យ និងធនធានមនុស្ស ៕ដោយ៖សិលា


ចែករំលែក៖