ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋខ្មែរអ៊ិស្លាមមានជីវភាពខ្វះខាតជាង១៣០គ្រួសារ ទទួលគ្រឿងឧបភោគបរិភោគពីសមាគមនិស្សិតមុស្លីម

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋខ្មែរអ៊ិស្លាមមានជីវភាពខ្វះខាត រកស៊ីមួយថ្ងៃដើម្បីរស់មួយថ្ងៃ ដោយពឹងអាស្រ័យលើច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតហើយដែលភាគីថៃបានបិទនោះ ពេលនេះពលរដ្ឋខ្មែរអ៊ិស្លាមចំនួន១៣០គ្រួសារ ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែតបានទទួលអំណោយជាគ្រឿងឧបភោគ បរិភោគពីសមាគមនិស្សិតមុស្លីមកម្ពុជាសាខាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នៅក្នុងវិហារអ៊ិស្លាម ក្រុងប៉ោយប៉ែត។

 លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានណែនាំប្រជាពលរដ្ឋឲ្យបន្តសម្អាត និងធ្វើអនាម័យ លាងដៃដោយជែល ឬទឹកអាល់កុលមុនពេលទទួលទានអាហារ ហើយជួយសហការគ្នាឲ្យនៅដាច់ដោយឡែកចំពោះពលរដ្ឋដែលមានមនុស្សក្នុងគ្រួសាររបស់គាត់ ដែលវិលពីធ្វើការនៅប្រទេសជិតខាងឲ្យនៅដាច់ដោយឡែកតាមការណែនាំរបស់មន្ត្រីសុខាភិបាលដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺផ្លូវដង្ហើមថ្មី(covid-19)។

លោក ង៉ោ ម៉េងជ្រួន បានណែនាំបន្ថែមថា រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់គិតគូរចំពោះពលរដ្ឋ ហើយបច្ចុប្បន្ននេះ អ្នកជំងឺកូវីដមានតែ១នាក់គត់ ដែលជាអ្នកខេត្តបន្ទាយមានជ័យ ហើយជាង១០០នាក់ត្រូវបានជាសះស្បើយ។ នេះគឺជាការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់ក្រសួងសុខាភិបាល និងការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ 

លោកបញ្ជាក់ថា ថ្វីដ្បិតតែនៅកម្ពុជាមានការធូរស្រាលពីជំងឺកូវីដ-១៩មែន តែបងប្អូនត្រូវតែប្រុងប្រយ័ត្នជានិច្ចនិងអនុវត្តឱ្យបានត្រឹមត្រូវតាមក្រសួងសុខាភិបាលណែនាំ ព្រោះនៅតាមបណ្តាប្រទេសមួយចំនួននៅតែមានស្ថានភាពធ្ងន់ធ្ងរ។ លុះត្រាតែមានសេចក្តីប្រកាសពីរាជរដ្ឋាភិបាល ឬក្រសួងសុខាភិបាល ទើបយើងអាចទំនាក់ទំនងឬស្និទ្ធស្នាលជាធម្មតាវិញ៕ដោយ៖វណ្ណា


ចែករំលែក៖