ខេត្តស្ទឹងត្រែង៖ លោកម៉ុម សារឿន អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាប្រចាំខេត្តស្ទឹងត្រែង បាននាំអំណោយកាកបាទក្រហមកម្ពុជាចែកជូនដល់គ្រួសារក្រីក្រចំនួន៣០០គ្រួសារ រស់នៅក្នុងស្រុកសៀមប៉ាង។
នៅសាលាឃុំសន្តិភាពនិងវត្តទួលរលួស ហៅ(វត្តផាបាំង)លោកម៉ុម សារឿនអភិបាលនៃគណៈអភិបាលខេត្តបាននាំយកអំណោយមកចែកជូនគ្រួសារក្រីក្រចាស់ជរា កុមារកំព្រា ស្ត្រីមេម៉ាយគ្មានទីពឹងចំនួន៣០០គ្រួសារ។ ក្នុងពិធីចែកអំណោយនាថ្ងៃទី១៣ ខែឧសភានេះក៏មានការអញ្ជើញចូលរួមពីបណ្ដាប្រធានមន្ទីរ អនុប្រធានមន្ទីរជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មេឃុំនិងមន្ត្រីរាជការសាលាស្រុកសៀមប៉ាងជាច្រើនរូបផងដែរ។
លោក ផាន់ យុត អភិបាលនៃគណៈអភិបាលស្រុកសៀមប៉ាងបានឡើងមានមតិស្វាគមន៍និងរាយការណ៍ជូនអំពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងស្រុកសៀមប៉ាងជូនគណៈប្រតិភូជ្រាប។
លោកម៉ុម សារឿន បានមានប្រសាសន៍ថា លោកមានក្តីរីករាយណាស់ដែលបានឃើញបងប្អូនប្រជាពលរដ្ឋមកជួបជុំគ្នានៅក្នុងថ្ងៃនេះ នៅក្នុងដំណាក់កាលអាកាសធាតុក្តៅខ្លាំង។ បងប្អូនត្រូវប្រុងប្រយ័ត្នកុំដើរទៅណាឆ្ងាយពីប្រភពទឹក រស់នៅត្រូវមានអនាម័យល្អជៀសឲ្យឆ្ងាយពីគ្រឿងញៀន ត្រូវឧស្សាហ៍ព្យាយាមដាំបន្លែបង្ការដែលជាដំណាំរួមផ្សំជាពិសេសបងប្អូនដែលរស់នៅតាមដងទន្លេ។លោកអភិបាលខេត្តបញ្ជាក់ថសអនាម័យគឺជាការងារចម្បងដែលត្រូវអនុវត្តនៅក្នុងគ្រួសារនិងបុគ្គលនីមួយៗ។
លោកអភិបាលខេត្តបន្តថា ពិតមែនតែប្រទេសកម្ពុជាយើងមិនមានអត្រាកំណើននៃការរីករាលជំងឺកូវីដ-១៩ក្តី ក៏ពិភពលោកកំពុងតែផ្ទុះនិងបានសម្លាប់មនុស្សជាង ៤ម៉ឺននាក់ដែរ។ដូច្នេះយើងត្រូវតែការពារកុំភ្លេចខ្លួន នេះជាការទទួលខុសត្រូវខ្ពស់អំពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៅពេលដែលប្រជាពលរដ្ឋជួបការលំបាក ។
ក្នុងឱកាសនោះដែរលោកអភិបាលខេត្ត ក៍បានពាំនាំនូវការផ្ដាំផ្ញើក្តីនឹករលឹកអំពីប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ដល់ប្រជាពលរដ្ឋដែលជានិច្ចកាលសម្ដេចទាំងទ្វេតែងតែ មានការនឹករឭកបារម្ភអំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើង។
សូមបញ្ជាក់ថា: អំណោយដែលត្រូវបានចែកជូនគ្រួសារក្រីក្រនោះ ក្នុងមួយគ្រួសារទទួលបានអង្ករមួយការុងទម្ងន់២៥ គីឡូក្រាម ធុងចម្រោះទឹកចំនួន១ ធុងទឹកជ័រចំនួន១ និងសាប៊ូ១ឈុត៕
ដោយ៖មាស សុផាត