កាំជ្រួចមីស៊ីល JL-3 បាញ់បានចម្ងាយដល់ទៅ១២ពាន់គីឡូម៉ែត្រ អាចវាយប្រហារដល់ទឹកដីអាមេរិក ។ មីស៊ីលនេះជាជោគជ័យយ៉ាងធំធេងរបស់ក្រុមអ្នកវិទ្យាសាស្ត្រចិន ។
សារព័ត៌មាន SCMP នៅថ្ងៃទី១៣ខែឧសភាបានផ្សាយថា លទ្ធផលស្រាវជ្រាវនិងផលិតមីស៊ីលល្បឿនលឿនបំពាក់ក្បាលគ្រាប់បរមាណូ អាចវាយប្រហារនៅគ្រប់ទិសទីក្នុងទឹកដីអាមេរិក។ មីស៊ីលខាងលើអាចបាញ់ចេញពីនាវាមុជទឹកទៅកាន់គោលដៅ ។ ក្រុមអ្នកស្រាវជ្រាវនិងផលិតមីស៊ីល JL-3 ទទួលបានពានរង្វាន់ច្នៃប្រតិដ្ឋជាតិចិនឆ្នាំ ២០២០។
កន្លងមកចិនមិនបានទទួលស្គាល់ការផលិតមីស៊ីល JL-3 នោះឡើយ ប៉ុន្តែដល់ខែសីហាឆ្នាំ២០១៩ កម្លាំងទាហានជើងទឹកចិនបានសាកល្បង មីស៊ីលនេះដោយជោគជ័យ។ តាមសារព័ត៌មាន SCMP មីស៊ីលនេះបានសាកល្បងនៅឆ្នាំ២០១៨ និង២០១៩ ។
កាំជ្រួចមីស៊ីល JL-3 បាញ់បានចម្ងាយដល់ទៅ១២ពាន់គីឡូម៉ែត្រ មានន័យថា បើបាញ់ចេញពីឆ្នេរសមុទ្រប្រទេសចិន គឺអាចហោះដល់ទឹកដីអាមេរិក។ មីស៊ីលនេះជាគោលដៅ ទប់ស្កាត់ការគំរាមកំហែងរបស់អាមេរិក។ ជាមួយគ្នានេះមីសុីល អាចបាញ់ចេញពីនាវាមុជទឹក ប្រភេទ Type094 ទៀតផង។
កន្លងមកចិនធ្លាប់បានប្រកាសថា ជាប្រទេសស្រឡាញ់សន្តិភាព ប៉ុន្តែដើម្បីរក្សាបានសន្តិភាព គឺចិនចាំបាច់ត្រូវតែមានក្បាលគ្រាប់បរមាណូយ៉ាងតិច១ពាន់គ្រាប់ និងមីស៊ីលឆ្លងទ្វីបទើបអាចការពារសន្តិភាពបាន គេចផុតពីការគំរាមកំហែង៕ដោយ៖ធី រីណា