ព័ត៌មានទាន់ហេតុការណ៍៖

ស្គាល់អត្តសញ្ញាណជនបង្ក បើកឡានបុក នារីដ៏ស្រស់ស្អាតស្លាប់ អាចសមត្ថកិច្ចស្វែងរកចាប់ខ្លួនបាន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ក្រុមគ្រួសារសាច់ញាតិនៃសព សង្ឃឹមថា សមត្ថកិច្ចនឹងតាមចាប់ខ្លួនជនបង្ក បានក្នុងពេលឆាប់ៗនេះ ករណីបើករថយន្តបុក នារីស្រស់ស្អាតម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ហើយស្គាល់អត្តសញ្ញាណជនបង្ករួចហើយនោះ។
សូមបញ្ជាក់ថា៖ កាលពីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ នៅចំណុចជិតដល់រូបសំណាកលោកយាយម៉ៅ ផ្លូវជាតិលេខ៤១ ខេត្តកំពង់ស្ពឺ នារីស្រស់ស្អាតម្នាក់វ័យ២០ឆ្នាំ ត្រូវបានរថយន្តធុនធំមួយគ្រឿងបើកបុកបណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម ។
ប៉ុន្តែ អត្តសញ្ញាណជនបង្ក ត្រូវបានស្គាល់ហើយ ដោយសាច់ញាតិនៃសព សង្ឃឹមថា សមត្ថកិច្ចនឹងតាមចាប់ខ្លួនបាន នាពេលឆាប់ៗខាងមុខនេះ ដើម្បីអោយវិញ្ញាណខ័ន្តជនរងគ្រោះបានសោយសុខក្នុងសុគតិភព។
ក្នុងរឿងនេះ ព័ត៌មានបឋមពីក្រុមគ្រួសារជនរងគ្រោះ បង្ហាញតាមបណ្តាញសង្គម Facebook បានអោយដឹងថា៖ ជនរងគ្រោះឈ្មោះ ពិន ស្រីពេជ្រ អាយុ២០ឆ្នាំ បម្រើការងារនៅផ្សារទំនើបអុីអន បានជិះម៉ូតូម៉ាកនិចពីភ្នំពេញទៅខេត្តកំពត ជាមួយមិត្តភក្តិមួយចំនួនទៀត ។ ស្រាប់តែដល់ចំណុចលោកយាយម៉ៅ ក៏បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បង្កដោយរថយន្តម៉ាកយីឌុបធុនធំមួយគ្រឿងមានស្លាកលេខ PP-1982 បើកបរដោយឈ្មោះ ទ្បេង ហែម មានស្រុកកំណើតនៅ ភូមិតារាជ ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ រថយន្តបង្ក បានបើកបុកចំពីក្រោយពេញទំហឹងបណ្តាលនារីរងគ្រោះស្លាប់យ៉ាងអាណោចអាធ័ម ។ ក្រោយកើតហេតុ ជនបង្ក បានរត់គេចខ្លួនភ្លាមៗ។

ទន្ទឹមនេះ ក្រុមគ្រួសារនៃសព បានអង្វរស្នើសុំដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេស លោកស្នងការនគរបាលខេត្តកំពង់ស្ពឺ មេត្តាចាត់កម្លាំងចុះស្រាវជ្រាវចាប់ខ្លួនជនបង្កយកមកផ្តន្ទាទោសតាមច្បាប់ផង ៕ដោយ៖ចេស្ដា


ចែករំលែក៖