ព័ត៌មានទាន់ហេតុការណ៍៖

មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពត្រៀមលក្ខណៈសម្រាប់ចត្តាឡីស័កការវិលត្រឡប់របស់កងទ័ពមួកខៀវកម្ពុជា

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានត្រៀមបម្រុងរួច ជាស្រេចទីតាំងចត្តាឡីស័កសម្រាប់ត្រួតពិនិត្យសុខភាពក្នុងការ ទប់ស្កាត់រោគរាតត្បាតកូវីដ-១៩ ដល់កងយោធាមួកខៀវកម្ពុជា ដែលនឹងគ្រោងធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញបន្ទាប់ពីបានបញ្ចប់បេសកកម្មរបស់អង្គការសហប្រជាជាតិក្នុងអំឡុងខែ កក្កដា និងខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។
ក្នុងឱកាសដឹកនាំប្រតិភូតាមបណ្តានាយកដ្ឋានចំណុះមជ្ឈមណ្ឌលជាតិអញ្ជើញចុះត្រួតពិនិត្យតាមអគារ និងសម្ភារៈ ឧបករណ៍គ្រឿងបំពាក់នៅវិទ្យាស្ថានហ្វឹកហ្វឺនឧដុង្គនាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។
នាយឧត្តមសេនីយ៍សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិនិងជាអគ្គនាយមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពកំណត់យកវិទ្យាស្ថានឧដុង្គ និងសាលាហ្វឹកហ្វឺនកងកម្លាំងពហុសាសន៍ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺធ្វើជាទីតាំងចត្តាឡីស័កសម្រាប់ការមកដល់របស់កងកម្លាំងយោធាមួកខៀវកម្ពុជាដែលគ្រោងនឹងធ្វើមាតុភូមិនិវត្តន៍តាមការជូនដំណឹងរបស់អង្គការសហប្រជាជាតិគ្រោងនឹងធ្វើឡើងក្នុងអំឡុងខែកក្កដា និង សីហា ឆ្នាំ២០២០ ខាងមុខនេះ។
យោងតាមស្មារតីកិច្ចប្រជុំបន្ទាប់ពីបានអញ្ជើញចុះត្រួតពិនិត្យតាមបន្ទប់ស្នាក់នៅ របស់សិក្ខាកាម និងបុគ្គលិកបន្ទប់សិក្សា បណ្ណាល័យ ប្រមុខកងយោធាមួកខៀវ បានដាក់ចេញនូវផែន ការសាងសង់អគារថ្មីបន្ថែមមួយចំនួនទៀតសម្រាប់ទីតាំងស្នាក់ នៅដាច់ដោយឡែកឲ្យដល់កងទ័ពមួកខៀវ ចំនួន៨៧០នាក់សម្រាប់ចត្តាឡីស័កដែលនឹងវិលមកកម្ពុជានាខែខាងមុខនេះ។
ចំពោះមុខការសាងសង់អគារថ្មីត្រូវចាប់ផ្តើមការងារពីពេលនេះឲ្យបានរួចរាល់ជាស្ថាពរក្នុងរយៈពេលពីរខែ និងប្រែក្លាយផ្ទះចល័តឲ្យទៅជាអគារថ្មីបន្ថែមទៀត ដើម្បីការស្នាក់នៅប្រកបដោយលក្ខណៈអនាម័យ។
នាយឧត្តមសេនីយ៍ បានដាក់ចេញនូវបទបញ្ជាឲ្យដល់បណ្តានាយកដ្ឋានពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់សំដៅទប់ស្កាត់ការពាររោគកូវីដ-១៩ ដោយចំណាយថវិកាបន្ថែមក្នុងការទិញម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគធុនធំ ដែលសម្រួលឲ្យដល់ការបាញ់រថយន្តតូច-ធំ និងសម្ភារៈ ក្នុងពេលដឹកជញ្ជូនកងយោធាមួកខៀវមកពីតំបន់បេសកកម្មរបស់អង្គការសហប្រជាជាតិនាពេលខាងមុខ។
ប្រមុខកងទ័ពមួកខៀវ បានកំណត់ផងដែរសម្រាប់ការធ្វើចត្តាឡីស័កនាពេលខាងមុខសម្រាប់ទីតាំងនៅវិទ្យាស្ថានឧដុង្គគឺត្រៀមសម្រាប់កងកម្លាំងអាវុធហត្ថ នាយទាហានសេនាធិការ និងសង្កេតការណ៍ប្រមាណចំនួន១២៨នាក់ និងមួយ ចំនួនទៀតនៅសាលាហ្វឹកហ្វឺនកងកម្លាំងពហុសាសន៍ក្នុងស្រុកភ្នំ ស្រួចខេត្តកំពង់ស្ពឺផងដែរ ៕ដោយ៖សុខ ដុម


ចែករំលែក៖