ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ចុះពិនិត្យនិងពន្លឿនការដ្ឋានស្ថាបនាប្រព័ន្ធលូ ការ៉ូឡាសួនច្បារនិងដាំដើមឈើលើចិញ្ចើមផ្លូវព្រះនរោត្តមនិងអ៊ុតកៅស៊ូលើផ្លូវ៤៦២ ក្នុងសង្កាត់ទន្លេបាសាក់

ចែករំលែក៖

ភ្នំពេញ៖  អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង នាព្រឹកថ្ងៃទី ២១ឧសភា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដី ចុះពិនិត្យ និងពន្លឿនការដ្ឋានស្ថាបនាប្រព័ន្ធលូ ការរៀបចំការ៉ូឡា រៀបជាសួនច្បារជាមួយនឹងការដាំដើមឈើ នៅតាមបណ្ដោយផ្លូវព្រះនរោត្តមនិងនៅលើផ្លូវលេខ៤៦២ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

   ការចុះត្រួតពិនិត្យការដ្ឋានខាងលើនេះ គឺដើម្បីជំរុញឲ្យការដ្ឋានខាងលើ ដំណើរការទៅដោយរលូន លឿននិងមានគុណភាពភាពស្របតាមស្តង់ដារ បច្ចេកទេស ។

  លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ការដ្ឋានដែលកំពុងដំណើរការនៅលើមហាវិថីព្រះនរោត្ដម គឺជាការដ្ឋានដាក់ប្រព័ន្ធលូ បង្ហូរទឹកមុខកាត់១ម៉ែត្រ ការរៀបចំការ៉ូឡានៅលើចិញ្ចើមផ្លូវ បង្កើតជាសួនច្បារជាមួយនឹងការដាំដើមឈើផងដែរ។ ចំណែកនៅលើកំណាត់ផ្លូវ៤៦២ ការដាក់ប្រព័ន្ធលូ ក្រុមការងារបានដាក់រួចរាល់ហើយ ។ 

      ជាកិច្ចការងារចំពោះមុខ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេងបានជំរុញឲ្យរៀបចំការ៉ូឡាតាមចិញ្ចើមផ្លូវនេះឱ្យបានលឿន ស្អាតនិងមានគុណភាព ជាមួយការអ៊ុតកៅស៊ូនៅលើបណ្ដោយផ្លូវនេះឱ្យបានស្អាតផងដែរ ដោយចាប់ពីមហាវិថីព្រះនរោត្តមដល់ផ្លូវលេខ៦៣  ៕ ដោយ៖សំរិត


ចែករំលែក៖